សាលក្រមប្រកាសផ្តន្ទាទោសសកម្មជន៣នាក់ខាងបក្សCNRPដាក់ពន្ឋនាគារក្នុងម្នាក់៧ឆ្នាំពីបទ.ចូលរួម កុប្បកម្មហឹង្សានៅទីលានប្រជាធិបតេយ្យ

ចែករំលែក៖

រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា កាលពីព្រឹកថ្ងៃទី១៣ មិថុនា ២០១៦ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លើជនជាប់ចោទ៣នាក់ ដែលបានចូលរួមធ្វើកុប្បកម្មនៅទីលានប្រជាធិបតេយ្យ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ.ចូលរួមកុប្បកម្មដោយហឹង្សា.ប្រព្រឹត្តកាលពីថ្ងៃទី១៥ កក្ដដា ២០១៤ នៅខណ្ឌដូនពេញ តាមមាត្រា ៤៥៦ មាត្រា៤៥៧ នៃក្រមព្រហ្មទ័ណ្ឌ ។ សាលក្រមនេះបានបើកផ្លូវទុកពេលឲ្យជនជាប់ចោទ ប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ជនជាប់ចោទ៣នាក់ជាសកម្មជន គណបក្សសង្រ្គោះជាតិ(CNRP)មាន១.ឈ្មោះ រឿន ចិត្រា ២.ឈ្មោះយ៉ា ថុង និង៣.ឈ្មោះ យន់ គឹម ហួរ ។ គួររំលឹកថា ជនជាប់ចោទ៣ ត្រូវបានសមត្តកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ និងឃុំខ្លួននៅថ្ងៃទី៥ សីហា ២០១៤ ។ នៅពេលសាកសួរដេញដោលក្នុងអង្គសវនាការ ជនជាប់ចោទ រឿន ចិត្រា និយាយថា គេជាអ្នករត់ម៉ូតូកង់បីមានស្រុកកំណើតនៅខេត្តកណ្តាល ។ គេថាការទាមទារឲ្យបើកទីលានប្រជាធិបតេយ្យឡើងវិញនោះ គេបានចូលរួមជាច្រើនថ្ងៃហើយ មុនកើតមានអំពើហឹង្សា ។ នៅថ្ងៃទី១៤ ខែកក្កដា ពេលកំពុងចូលរួមតវ៉ា គេបានជួបជាមួយយុវជនគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌទួលគោកឈ្មោះ សាន គឹមហេង ដោយបានឲ្យគេពាក់ប្រឡង់ដៃ និងឲ្យជួយសម្រួលចរាចរណ៍នៅស្ពាននាគដោយសារឃើញមានមនុស្សច្រើនពេក ។ រឿន ចិត្រា បន្តថា គេទៅចូលរួមនោះដោយមានការស្ម័គ្រចិត្ត ។ តែក្រុមយុវជនខណ្ឌទួលគោក ឃើញគេសកម្មការងារក៏ឲ្យជួយសម្រួលចរាចរណ៍ នៅម្តុំស្ពាននាគ ដើម្បីបញ្ចៀសកុំឲ្យមានការកកស្ទះ និងប៉ះទង្គិចគ្នា ។ ក្រុមយុវជនមិនឲ្យទៅប្រព្រឹត្តហិង្សាលើគេទេ គឺត្រូវអហិង្សា ។ រឿន ចិត្រា បានរៀបរាប់ទៀតថា នៅព្រឹកថ្ងៃទី១៥ កក្កដា នៅពេលគេកំពុងសម្រួលចរាចរណ៍ស្រាប់តែមានសន្តិសុខជាច្រើននាក់ស្លៀកពាក់ពណ៌ខៀវចាស់ និងពណ៌ទឹកដោះគោ ឈរនៅជិតប៉ូលិសដែលមានខែល នៅពេលនោះមានការប៉ះទង្គិចកើតឡើង ឈ្មោះសាន គឹមហេង យុវជនខណ្ឌទួលគោក ត្រូវបានសន្តិសុខវាយដួលដេកលើដី ។ ឃើញដូច្នោះខ្លួនក៏បានទៅជួយ ហើយត្រូវបានសន្តិសុខវាយចំគុម្ពត្រចៀកមួយដៃដែរ ។ ពេលចូលទៅយកលោកសាន គឹមហេង បានហើយ គេក៏បានស្ទុះទៅវាយតប់ លើសន្តិសុខដែលវាយខ្លួន ដោយបានអុក២ជង្គង់ រួចក៏ទៅពេទ្យជាមួយ សាន គឹមហេង ទៅ ។ ចំពោះដំបងច្រកបាវដែលគេបានឃើញនៅថ្ងៃកើតហេតុនោះ ចិត្រា ប្រាប់ថាជាដំបងដែលរឹបអូសបានពីក្រុមសន្តិសុខ មិនមែនរបស់ក្រុមអ្នកចូលរួមតវ៉ាទេ ។ ចិត្រា បញ្ជាក់ថា អ្នកតវ៉ាមានតែទង់ជាតិមានដងបំពង់ទីបជ័រ។ មិនមានដំបងដែក ថ្ម នៅខាងក្នុងទេ ។ ជនជាប់ចោទឈ្មោះ យន់ គឹមហួរ បានឆ្លើយចំពោះមុខអង្គសវនាការថាគេជាអ្នករត់ម៉ូតូឌុប និងជាយុវជនគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌដូនពេញ ដែលមានឈ្មោះ ហេង សំណាង ជាប្រធាន ។ ជនជាប់ចោទ រឿន ចិត្រា បានរៀបរាប់ថា ដំបូងសន្តិសុខបានទៅបំបែកអ្នកតវ៉ាកុំឲ្យជុំគ្នា ពេលនោះសន្តិសុខក៏បានទៅវាយទៅលើពួកគេទៀត ទើបមានការប៉ះទង្គិចគ្នាតែម្ដង៕​

image image

ដោយ​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print