ភ្នំពេញ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ និងជាប្រធានមូលនិធិបាយ័ន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារប្រគល់ផ្ទះទេវតាចំនួន២ខ្នង ជូនចាស់ជរាគ្មានទីពឹងនៅខេត្តបាតដំបង។
ចាល់ជរាគ្មានទីពឹងដែលត្រូវទទួលផ្ទះទេវតាពីលោកស្រី ហ៊ុន ម៉ាណា រួមមាន៖១-ផ្ទះលេខ១២៩ ប្រគល់ជូនលោកអ៊ុំ ជ័យ ប៊ុនឈឿ អាយុ៧៩ឆ្នាំ។ លោកអ៊ុំ ជ័យ ប៊ុន ឈឿ អតីតជាគ្រូបង្ហាត់ក្បាច់គុណបុរាណខ្មែរ និងជាកណ្តាលដ៏ល្បីឈ្មោះ ក្នុងកម្មវិធីប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅតាមបណ្តាស្ថានីយទូរទស្សន៍ជាច្រើន ។
បច្ចុប្បន្នលោកអ៊ុំ ចូលវ័យចាស់ជរា និងមានជំងឺប្រចាំកាយ រស់នៅភូមិបឹងលាភ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ផ្ទះលេខ១៣០ ប្រគល់ជូនលោកយាយ ឆយ ហាយ អាយុ៧០ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
បន្ទាប់មកក្រុមការងារ បានបន្តផ្តល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖សម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ និងសិស្សានុសិស្ស ជាច្រើននាក់ដែលកំពុងរស់នៅភូមិឃុំខាងលើផងដែរ៕
ដោយ៖ សុខ ខេមរា