អាមេរិកជាប្រទេសមហាអំណាចទី១នៅលើពិភពលោក ហើយអាមេរិកមានសិទ្ធពេញលេញនៅក្នុងការនិយាយទៅកាន់ប្រទេសណាមួយឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចពាណិជ្ជកម្មដោយឯកតោភាគីមិនចាំបាច់ឆ្លងការអនុញ្ញាពីអង្គការសហប្រជាជាតិឡើយ។ ដូចជាការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាដើម អាមេរិកបានសម្រេចជាឯកតោភាគីរួមគៀងគរប្រទេសមិត្តចូលរួមដាក់ទណ្ឌកម្ម។
ចំណែករុស្ស៊ីវិញមិនអាចដាក់ទណ្ឌកម្មទៅលើអាមេរិក ដូចអាមេរិកធ្វើទៅលើខ្លួននោះឡើយ ទាំងនោះហើយដែលធ្វើឲ្យរុស្ស៊ីចាញប្រៀបអាមេរិក បើទោះជាមានកម្លាំងខ្លាំងគ្រាប់បែកបរមាណូច្រើនជាងអាមេរិកក្តី។ ការដាក់ទណ្ឌកម្មគឺជាអាវុធដ៏មុតស្រួចបំផុតរបស់អាមេរិកសម្រាប់វាយប្រហារទៅលើសត្រូវរបស់ខ្លួន អាវុធនេះវាមានកម្លាំងបំផ្លាញជាងគ្រាប់បែកបរមាណូទៅទៀត។ ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសណាមួយនោះ គឺធ្វើឲ្យប្រទេសនោះត្រូវរងទុក្ខវេទនាមិនអាចងើបរួម។ ការដាក់ទណ្ឌកម្មរយៈពេលកន្លងមកធ្វើឲ្យរុស្ស៊ីស្ទើតែដួលរលំទៅហើយ បើរុស្ស៊ីជាប្រទេសតួចគ្មានទំនាក់ទំនងទូលំទូលាយនៅខាងក្រៅនោះរុស្ស៊ីនឹងត្រូវដួលជាមិនខាង។
ប្រវត្ដិសាស្ដ្រនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនត្រឹមតែកើតមាននាសម័យកាលនេះឡើយ ទណ្ឌកម្មសេដ្ឋកិច្ចបានកើត មានតាំងពីឆ្នាំ៤៣២ មុនគ្រិស្ដសករាជ ពេលនោះអ្នកនយោបាយប្រទេសក្រិច និងមេទ័ព Pericles បានអនុវត្ដច្បាប់មួយដែលមានឈ្មោះថា Megarian ដើម្បីប្រឆាំងទៅនឹងករណីចាប់ខ្លួនស្ដ្រី Apasian ៣នាក់ ។
ក្នុងសម័យកាលទំនើបកម្មរបស់អាមេរិកបានប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចសម្រាប់បំពេញគោលនយោបាយដែលអាមេរិកចង់បាន ។ នៅក្នុងសង្គ្រាមត្រជាក់អាមេរិកបានប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចបង្កឲ្យមានអស្ថិរភាពនយោបាយនៅក្នុងប្រទេសមួយចំនួនដែលមិនមានភាពជិតស្និទ្ធជាមួយអាមេរិកក្នុងនោះមានតំបន់អាមេរិកឡាទីន ។ អតីតសហភាពសូវៀតក៏ធ្លាប់បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសចិន អាបាល់នៀ យូហ្គោស្លាវី ។ ការដាក់ទណ្ឌកម្មភាគច្រើនធ្វើឡើងដល់ប្រទេសធំ ប្រទេសមហាអំណាចប្រឆាំងទៅនឹងប្រទេសតូចតាចដែលមិនព្រមស្ដាប់បង្គាប់ខ្លួន ។
ភាគច្រើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺជាងការសងសឹកទៅលើប្រទេសដែលរារាំងផលប្រយោជន៍ធ្វើឲ្យបានបង់ផល ប្រយោជន៍ដល់ប្រទេសមហាអំណាច ។ អាមេរិកជាប្រទេសអនុវត្ដការដាក់ទណ្ឌកម្មទៅលើប្រទេសដទៃច្រើនជាងគេបំផុតនៅលើពិភពលោក។ អាមេរិកមាន២៤កម្មវិធីហាមប្រាមដឹកជញ្ជូនបានអនុវត្ដទៅលើប្រទេសជាច្រើនក្នុងនោះមានប្រទេសកូឌឺវ័រ បេឡារូស ស៊ីរី ។ ចាប់តាំងពីអំឡុងឆ្នាំ១៩៩០ ច្បាប់ដាក់ទណ្ឌកម្មដឹកជញ្ជូនក្លាយជាប្រធានបទសំខាន់មួយដែលប្រទេសជាច្រើនមិនចង់ជួបប្រទះនោះឡើយ ដោយសារវាប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ។ អាមេរិកធ្លាប់បានអនុម័តដាក់ទណ្ឌកម្មដឹកជញ្ជូនទៅលើវិស័យពាណិជ្ជកម្មអ៊ីរ៉ាក់ និងគុយបា ធ្វើឲ្យសេដ្ឋកិច្ចប្រទេសទាំងនោះមិនអាចងើបឈរឡើងវិញបាន ។
ច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសគុយបាចាប់ផ្ដើមនៅឆ្នាំ១៩៦០ ដោយពេលនោះអាមេរិកបញ្ចប់ការនាំចូលស្ករពីអាគុយបាដែលជាផលិតផលសំខាន់បំផុតរបស់ប្រទេសនេះក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច ។ ការដាក់ ទណ្ឌកម្មទៅលើប្រទេសគុយបាមានរយៈពេលយូរបំផុតបើប្រៀបធៀបនានាដែលអាមេរិកបាមនអនុវត្ដទៅលើប្រទេសជិតខាង ។
ចាប់តាំងពីអតីតប្រធានាធិបតី ប៊ីល ក្លីនតុន ឡើងកាន់អំណាចដឹកនាំអាមេរិក លោកបានអនុវត្ដគោលនយោបាយទណ្ឌកម្មសេដ្ឋកិច្ចឈ្លាសវៃបំផុតដោយលោកដាក់ទណ្ឌកម្មទៅលើបុគ្គលឬស្ថាប័នឯករាជ្យមិនបានដាក់ទណ្ឌកម្មទៅលើប្រទេសទាំងមូលនោះឡើយ ។ ចំណែកច្បាប់ដាក់ទណ្ឌកម្មដឹកជញ្ជូនក្រោមរបបប្រធានាធិបតី ប៊ូស សំដៅទៅលើទណ្ឌកម្មចរាចរណ៍ហិរញ្ញវត្ថុដោយលោកប្រើប្រាស់ឥទ្ធិពលនៃប្រាក់ដុល្លារសម្រាប់បិទទ្វារធនាគារជាច្រើនដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសមិនស្ដាប់បង្គាប់អាមេរិក ៕
ប្រែស្រួល៖ សាធី