ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបផងដែរ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយបានកត់សម្គាល់ ឃើញថា ឆ្នាំ២០២១ ជាឆ្នាំទី៥នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។ សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា គោលដៅចម្បងនៃផែនការយុទ្ធសាស្ត្រជាតិ គឺជាការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និងការប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធនេះ ដើម្បីបម្រើជាប្រយោជន៍ជាតិ ដូចជា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់គុណភាពនៃការផ្តល់សេវា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លើសពីនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា កិច្ចការដែលត្រូវខិតខំសម្រេចឱ្យបានក្នុងដំណាក់កាលដំបូងនេះ គឺការរៀបចំគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម រួមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ។ ជាជំហានបន្ត ត្រូវបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ធចុះបញ្ជី អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសញ្ជាតិ ជំហានបន្ទាប់ គឺការភ្ជាប់បណ្តាញទំនាក់ទំនងរវាងប្រព័ន្ធទាំងអស់ដើម្បីប្រមូលផ្តុំ និងសម្អាតទិន្នន័យចូលក្នុងប្រព័ន្ធរួមមួយដែលជាប្រភពព័ត៌មានដ៏ចម្បងប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងគោលដៅគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ។
នាឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការងារពាក់ព័ន្ធអត្តសញ្ញាណកម្ម គោរពជូន សម្តេចក្រឡាហោម និង អង្គប្រជុំជ្រាបថា សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នឹងឆ្លងបញ្ចប់ក្នុង ពេលឆាប់ៗនេះក្នុងកម្រិតអន្តរក្រសួង មុនដាក់ឆ្លងក្នុងសិក្ខាសាលាពិគ្រោះយោបល់។
សម្រាប់ការងារពង្រឹងយន្តការសេវាអត្តសញ្ញាណកម្ម លោកនាយឧត្តមសេនីយ៍ កង សុខន បានបញ្ជាក់បន្ថែមថា ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារ “ប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស” ដោយក្រុមប្រចាំការមានភារកិច្ចតាមដាន ស្រង់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋ ដើម្បីយកមកពិនិត្យដោះស្រាយបានជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរ លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីធ្វើសេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយលោកជំទាវ បានធ្វើសេចក្តីរាយការណ៍សង្ខេបចាប់តាំងពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ រហូតដល់ការបញ្ចប់សេចក្តីព្រាង និងការប្រជុំឆ្លងជាបន្តបន្ទាប់ រហូតទទួលបានការបញ្ចប់ដោយជោគជ័យ។
ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់នូវមតិបូកសរុបដ៏ខ្ពង់ខ្ពស់នូវលទ្ធផលនៃកិច្ចប្រជុំសាមញ្ញ លើកទី៧របស់ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) និងបានផ្តល់អនុសាសន៍ដឹកនាំលើបញ្ហាចម្បងមួយចំនួនដើម្បីធ្វើយ៉ាងណា ឱ្យការងារពាក់ព័ន្ធអាចសម្រេចបានប្រកបដោយជោគជ័យ។
បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តនូវការងារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានជំរុញឱ្យក្រុមការងារបន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីជួយគាំទ្រលើការអនុវត្តផែនការយុទ្ធសាស្ត្រនានាខាងលើផងដែរ៕ដោយ៖សហការី