ភ្នំពេញ ៖ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែក និងបញ្ចេញនូវល្បិចបោកប្រាស់របស់ជនឆបោកនៅក្រៅប្រទេសមួយករណី ដែលបានផ្ញើសារមកសម្តេចឲ្យបាញ់លុយជូនពួកគេ តាមរយៈការបន្លំប្រើប្រាស់រូបអ្នកឧកញ៉ា ឃុន សៀ នៅលើ Profile Telegram ប៉ុន្តែធាតុពិតជនឆបោកនេះឈរជើងនៅតៃវ៉ាន់ ហើយលេខដែលពួកគេប្រើនោះជាលេខរបស់ប្រទេសឡាវ។
ជាមួយនឹងសកម្មភាពឆបោកខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនទាំងនេះ ហើយពួកគេប្រហែលជាមិនដឹងថាការផ្ញើសារមកលេខទូរស័ព្ទនេះ ជាលេខរបស់នាយករដ្ឋមន្រ្តីនោះឡើយ។
សូមបញ្ជាក់ថា, តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ជនជាតិជាទីស្រឡាញ់ ឥឡូវមានល្បិចបោកប្រាស់ ដែលករណីនេះ ខ្លួនខ្ញុំ មុននេះប្រហែល១ម៉ោង គឺមានការផ្ញើសារជាភាសាអង់គ្លេស ដើម្បីឲ្យខ្ញុំផ្ញើលុយតាម ABA ដែលប្រើប្រាស់ Profile ជាលោកឧកញ៉ា ឃុន សៀ ប៉ុន្តែលេខទូរស័ព្ទ ៨៥៦ជាលេខទូរស័ព្ទរបស់ឡាវ។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ទៀតថា យោងលើការស្រាវជ្រាវ អ្នកនេះឈរជើងនៅតៃវ៉ាន់ឯណោះ ប៉ុន្តែគេបានផ្ញើ Telegram ហើយដែលប្រើប្រាស់ Profile លោកឧកញ៉ា ឃុន សៀ ដើម្បីឲ្យផ្ញើប្រាក់ទៅទីនោះ។ ខ្ញុំសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន ជាមួយនឹងករណីបែបនេះ ប្រហែលគេមិនបានដឹងទូរស័ព្ទរបស់ខ្ញុំ ជាលេខទូរស័ព្ទរបស់នាយករដ្ឋមន្រ្តីទេ។
សូមបញ្ជាក់ផងដែរថា, មេត្តាបងប្អូនជនរួមជាតិ ក្នុងនឹងក្រៅប្រទេស មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះល្បិចកលក្រុមជនខិលខូចទុច្ចរិត បានបង្កើតប្រព៏ន្ធ Telegram និងសកម្មភាព រូបភាពផ្សេងៗដើម្បីជាមធ្យោបាយជាបោក ដើម្បីជៀសផុតអំពីការចាញ់កលល្បិចបែបៗនេះ ៕
ដោយ : សហការី