លទ្ធផលគណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមវេទិកាបាគូសកល លើកទី១០ ក្រោមមូលបទ «ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម»

ចែករំលែក៖

ភ្នំពេញ :  គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកស្រីកិតិ្តសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងអមដំណើរដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ទីប្រឹក្សានិងមន្ត្រីជំនាញនៃរដ្ឋសភា និងមន្ត្រីទូតមកពីស្ថានអគ្គ រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចូលរួម «វេទិកាបាគូសកល លើកទី១០» (X Global Baku Forum) ក្រោមមូលបទ «ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាម៊ី ហ្គាន់ចាវី (Nizaml Ganjavi International Center-NGIC) និងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ ដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល សភា អង្គការអន្តរជាតិ និង សង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីប្រទេសជាង ៦០។

នៅក្នុងឱកាសនៃការចូលរួមវេទិកានេះ លោកស្រីកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូបានចូល រួមក្នុងពិធីបើកវេទិកាបាគូសកលលើកទី១០ និងជួបសម្តែងការគួរសមជាមួយនឹង លោក ម៉ីលហាម អាលី យេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក៏ដូចជាជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម អាលី អាសាដូវ (Ali Asaidov) នាយករដ្ឋមន្ត្រី និង លោកស្រី សាហ៊ីបា ហ្កាហ្វរ៉ូវ៉ (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ព្រមទាំងចូលរួមជាវាគ្មិននៅក្នុងកិច្ចសន្ទនាស្ដីអំពី “តួ នាទីរបស់ចិនលើកិច្ចការសន្តិសុខ និងការអភិវឌ្ឍសកល»។

នៅក្នុងជំនួបសំដែងការគួរសមជាមួយ លោក ម៉ីលហាម អាលីយេវ ប្រធានាធិបតី លោក ស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំការសួរសុខទុក្ខនិងក្តីនឹករលឹករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការជូនពរចំពោះជោគជ័យនៃវេទិកាបាគូពិភពលោកលើកទី១០។ ជាការឆ្លើយតបលោក ប្រធានាធិបតី បានថ្លែងអរគុណ ចំពោះវត្តមានរបស់លោកជំទាវ និងបានផ្ញើក្តីនឹករំលឹក និងសេចក្ដីកោតសសើរ ចំពោះ ភាពជាមេដឹកនាំគម្រូរបស់ សម្តេចតេជោ ប្រកបដោយបទពិសោធន៍ក្នុងការកសាងសន្តិភាព និងការបង្រួប បង្រួមជាតិកម្ពុជា ជាពិសេសការគាំទ្រនិងជំរុញពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងសូមអបអរសាទរ ដល់ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធកន្លងទៅ។      

  នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អាលី អាសាដូវ (Ali Asadov) នាយករដ្ឋមន្ត្រីអាស៊ បៃហ្សង់ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋាភិបាលអាស៊ែបៃហ្សង់ ភាគីទាំងពីរ បានបង្ហាញពីទស្សនៈ វិស័យទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ អាស៊ែបៃហ្សង់ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្នុងវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ និងមនុស្សធម៌ ជាដើម។ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីបំណងមកបំពេញ ទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី សាហ៊ីបា ហ្កហ្វរ៉ូវ៉ (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ភាគី ទាំងពីរបានគូសបញ្ជាក់នូវសមិទ្ធផលជាផ្លែផ្កា ផ្តើមចេញពីដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន ទៅកាន់អាស៊បៃហ្សង់ កាលពីឆ្នាំ២០១៤ និងទស្សនកិច្ចរបស់ លោកស្រី សាហ៊ីបា ហ្កហ្វរ៉ូវ៉ ក្នុងឱកាសមហាសន្និបាតអន្តសភាអាស៊ានលើកទី៤៣ នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ព្រមទាំង ជំនួបជាមួយនឹង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងការចុះអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់។ ភាគីទាំងពីរ បាន បញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញ ទៅ មកនៅក្នុងវេទិកាអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏សូមអបអរសាទរចំពោះសមិទ្ធិផលដ៏ ត្រចះត្រចង់ចំពោះការដឹកនាំរបស់រដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងការបង្កើតបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement – Parliamentary Network, NAM-PN) និងសូមអបអរសាទរចំពោះជោគជ័យនេះ ការរៀបចំកិច្ចប្រជុំ NAM-PN កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលសភាកម្ពុជា ក៏បានបញ្ជូនតំណាងជា សមាជិករដ្ឋសភា ២រូប និងសមាជិកព្រឹទ្ធសភា ៣រូប ចូលរួមក្នុងចលនានេះផងដែរ។

លោកស្រីកិតិ្តសង្គហបណ្ឌិត ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាស្តីពី “តួនាទីរបស់ចិនលើកិច្ចការ សន្តិសុខ និងការអភិវឌ្ឍសកល»។ នៅក្នុងកិច្ចពិភាក្សា លោកជំទាវបានគូសបញ្ជាក់ថា ប្រធាន បទខាងលើពិតជាមានសារៈសំខាន់ និងទាន់ពេលវេលា ក្នុងខណៈដែលពិភពលោក កំពុងស្ថិតក្នុងការផ្លាស់ប្តូរ ឆ្ពោះទៅរកពិភពលោកពហុប៉ូល។ លោកស្រី ក៏បានលើកឡើងថា ប្រទេសចិនមានជំហរយ៉ាងច្បាស់លាស់ក្នុង

ការលើកកម្ពស់ពហុភាគីនិយមមួយដែលពិតប្រាកដ ប្រកបដោយភាពបើកចំហ និងបរិយាបន្ន សម្រាប់សន្តិភាព និងការអភិវឌ្ឍពិភពលោក ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងការកសាងសហគមន៍ជោគវាសនា រួម គឺជាគម្រូមួយនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋធំ និងរដ្ឋតូច ដោយឈរលើការគោរពអធិបតេយ្យភាព និងឯក រាជ្យភាពគ្នាទៅវិញទៅមក។

លោកស្រីកិតិ្តសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជាក៏បានចូលរួម ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទសំខាន់ៗ រួមមាន ១) ការកសាងភាពធន់នៅពេលពិភពលោក ដែលកំពុងបែកបាក់ ២) យុគសម័យ នៃការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ៣) ការបង្កើតឡើងវិញនូវពហុភាពនិយម ៤) ការកសាងនិម្មាបនកម្មសុខភាព ពិភពលោកថ្មីមួយ និងកិច្ចពិភាក្សាផ្សេងៗទៀត។      

     ទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ បានចូលរួមចំណែក ពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ហើយថែមទាំងចែករំលែកនូវបទ ពិសោធន៍នៃការកសាងសន្តិភាព លិទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់កម្ពុជាក្នុងការការពារនិងពង្រឹងពហុភាគី និយម ជាពិសេស ការកសាងមិត្តភាពជាមួយនឹងថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងអឺរ៉ុប ផងដែរ៕

   

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print