ខេត្តកណ្តាល ៖ នៅវេលាម៉ោង១៣ និង០០នាទីរសៀលថ្ងៃថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អេីលមួយឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈកម្លាំងអាជ្ញាធរ និងនគរបាលស្រុកកណ្តាលស្ទឹង បានពង្រាយកម្លាំងគ្នាគ្រប់ច្រកល្ហកតាមស្ទាក់ចាប់ឃាត់រថយន្តតូយូតាព្រូសមួយគ្រឿង ដោយអះអាងថា ជារថយន្តពាក់ព័ន្ធអំពើប្លន់យកពីអ្នករកស៊ីលក់រថយន្តម្នាក់ ។
បេីតាមការបង្ហេីបពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ៖ នៅពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងស្រុក បានទទួលព័ត៌មានតាមរយះវិទ្យុទាក់ទង ឱ្យពង្រាយកម្លាំងតាមផ្លូវតូចធំ ចេញស្ទាក់ចាប់រថយន្តតូយូតាព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ដោយមានការរាយការណ៍ពីប្រជាការពារភូមិមកថា ជាករណីប្លន់ ។ ភ្លាមៗនោះ កម្លាំងបានចេញស្ទាក់ ក៏ប្រទះឃើញរថយន្តខាងលើ នឹងបានជិះដេញតាំងពីម្តុំចំនុចកើតហេតុ រហូតទៅដល់ប្រលាយមួយកន្លែង ក្នុងឃុំបាគូរ ក្នុងស្រុកកណ្តាលស្ទឹង ដដែល ជនសង្ស័យបានបើករថយន្តគេចរថយន្តធុនធំ បណ្តាលឱ្យធ្លាក់ចូលប្រលាយទឹកតែម្តង ។
ភ្លាមៗ ជនសង្ស័យបានលូតចេញតាមកញ្ចក់ទ្វាររថយន្ត ហើយហែលទឹកចេញពីប្រលាយរួចគេចខ្លួនបាត់ ។ ដោយឡែក ក្រុមអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដោយសារតែជនសង្ស័យជិះរត់លឿនពេក ក៏បាត់ដានរកមិនឃើញ លុះពេលបានតាមរកឃើញ ក៏ឃើញតែរថយន្តធ្លាក់ក្នុងប្រលាយតែម្តង ។
ក្រោយរថយន្តបានធ្លាក់ប្រលាយទឹកហើយនោះ កម្លាំងសមត្ថកិច្ច បានជិះល្បាតតាមដងផ្លូវក្រែងមានជួបជនសង្ស័យ ក៏ប្រទះឃើញ បុរសម្នាក់ ដោយមានទទឹកខ្លួនជោគផងដែរ កម្លាំងសមត្ថកិច្ចបានអញ្ចើញគាត់ទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីសាកសួរនាំសិន ក្រែងមានការជាប់ពាក់ព័ន្ធ ។
គួរបញ្ជាក់ថា តាមការបញ្ជាក់បន្ថែមពីមន្ត្រីសមត្ថកិច្ចឱ្យដឹងថា ៖ ករណីនេះ គឺជាករណីប្លន់ ដោយជនសង្ស័យ បានណាត់ជនរងគ្រោះជាម្ចាស់រថយន្តព្រូស ដើម្បីសុំមើលរថយន្តដែលត្រូវលក់ ។ លុះបានជួបគ្នាហើយ ដោយសារឃើញឱកាសស្ងាត់ល្អ ហើយនៅតែ២នាក់ផងនោះ ជនសង្ស័យបានប្រើស៊ុបប្រាយ បាញ់ទៅលើភ្នែកជនរងគ្រោះ បណ្តាលឱ្យរងរបួសមើលអ្វីលែងឃើញ ហើយជនសង្ស័យក៏ដណ្តើមសោររថយន្តពីជនរងគ្រោះ រួចឡើងជិះរថយន្តឡើងគេចខ្លួន ប៉ុន្តែដោយមានកម្លាំងប្រជាការពារភូមិបានឃើញហេតុការណ៍ ក៏បានដេញតាម និងផ្តល់ដំណឹងដល់សមត្ថកិច្ច រហូតចុះដេញតាមស្ទាក់ចាប់តែម្តង។
ពាក់ព័ន្ធករណីខាងលេីនេះ គេនៅមិនទាន់ដឹងថា ជនរងគ្រោះ ជាមនុស្សធ្លាប់ស្គាល់គ្នាជាមួយជនសង្ស័យ ឬយ៉ាងណានៅឡើយនោះទេ ។ ហើយក៏នៅមិនទាន់ដឹងថា នៅមុនកើតហេតុនោះ មានរឿងរ៉ាវអ្វីកើតឡើងឱ្យពិតប្រាកដលើសពីអ្វីដែលសមត្ថកិច្ចបានបញ្ជាក់ប្រាប់ផងដែរ ខណះដែលជនរងគ្រោះ កំពុងសង្គ្រោះ ដោយមិនទាន់អាចផ្តល់ព័ត៌មានជាក់លាក់អ្វីបាននៅឡើយ៕ ដោយ ៖ ភារ៉ា ដង្កោ