រថយន្ត​ ព្រូស​ បុកម៉ូតូហុងដាឌ្រីម​ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់មួយរំពេច​ និងបន្តបុករបាំងថ្មផ្ទប់ជាប់ទៅមុខលែងរួច

ចែករំលែក៖

​     ភ្នំពេញ​ ៖​ ស្ត្រីម្នាក់​ ខណៈជិះម៉ូតូឆ្លងផ្លូវស្រាប់តែត្រូវបុរសម្នាក់បេីករថយន្តតូយ៉ូតា​ ព្រូស​ យ៉ាងលឿនមកបុកពេញទំហឹងបណ្ដាលឱ្យដួលស្លាប់មួយរំពេច​ ឯរថយន្តបង្កបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវផ្ទប់ជាប់ទៅមុខលែងរួច​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង ៥​ និង១០នាទីព្រឹកថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ។

    សពជនរងគ្រោះឈ្មោះ​ ធូ​ សុធារី​ ភេទស្រី​ អាយុ៥៣ឆ្នាំ​ មុខរបរអាជីវករលក់នំគួឆាយនៅផ្សារអូឡាំពិក​ ជាស្ត្រីមេម៉ាយ​និងមានកូនប្រុសស្រីចំនួន3នាក់​ ។ 

    តាមប្រភពពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញ​ស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2290 ចេញពីផ្លូវបេតុងមួយខ្សែជិតផ្សារក្រមួន​ ទិសដៅពីលិចមកកើត​ និងបានបត់ឆ្វេងឆ្លងផ្លូវ ខណះពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក​ តូយ៉ូតាព្រូស​ ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BA-3203 បើកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ​​ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ដែលជិះដោយស្ត្រីរងគ្រោះ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង អូសជាច្រើនម៉ែត្រ​ បណ្ដាលឱ្យស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ រីឯរថយន្តបង្កបានរេចង្កូត ទៅបុកផ្ទប់និងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ​ និងទៅមុខលែង ។ 

    ក្រោយកេីតហេតុភ្លាមៗ​ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានឃាត់ខ្លួនតៃកុងរថយន្តបង្កយកទៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម​ ដើម្បីធ្វើការសាកសួរ​ និងចាត់ការបន្ត​ ។ ដោយឡែករថយន្តបង្ក​ និងម៉ូតូជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយផ្នែកជំនាញចរាចរណ៍​ ធ្វេីការវាស់វែងស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់​ ។ រីឯសពស្ត្រីរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីកំណត់ហេតុ​ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យ តាមប្រពៃណី​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print