ភ្នំពេញ ៖ ស្ត្រីម្នាក់ ខណៈជិះម៉ូតូឆ្លងផ្លូវស្រាប់តែត្រូវបុរសម្នាក់បេីករថយន្តតូយ៉ូតា ព្រូស យ៉ាងលឿនមកបុកពេញទំហឹងបណ្ដាលឱ្យដួលស្លាប់មួយរំពេច ឯរថយន្តបង្កបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវផ្ទប់ជាប់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង ៥ និង១០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះឈ្មោះ ធូ សុធារី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរអាជីវករលក់នំគួឆាយនៅផ្សារអូឡាំពិក ជាស្ត្រីមេម៉ាយនិងមានកូនប្រុសស្រីចំនួន3នាក់ ។
តាមប្រភពពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2290 ចេញពីផ្លូវបេតុងមួយខ្សែជិតផ្សារក្រមួន ទិសដៅពីលិចមកកើត និងបានបត់ឆ្វេងឆ្លងផ្លូវ ខណះពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BA-3203 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ដែលជិះដោយស្ត្រីរងគ្រោះ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ រីឯរថយន្តបង្កបានរេចង្កូត ទៅបុកផ្ទប់និងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ និងទៅមុខលែង ។
ក្រោយកេីតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនតៃកុងរថយន្តបង្កយកទៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត ។ ដោយឡែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយផ្នែកជំនាញចរាចរណ៍ ធ្វេីការវាស់វែងស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ រីឯសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យ តាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ