ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាមមូលដ្ឋាន ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ក្នុងរយៈពេល៣ថ្ងៃ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួចនាំមកការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។
ហេតុការណ៍ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣ – ១៤ និង១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសាស្ត្រ ផ្សេងគ្នាក្នុងក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួល និងតាមផ្លូវសាធារណៈ។
ជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចចាប់យកវត្ថុរួមតាងរួមមាន៖ ទូរសព្ទ័២គ្រឿង ឧបករណ៍ប្រើប្រាស់ថ្នាំញៀន សម្ភារសម្រាប់ វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនស្ស័យចំនួន១០នាក់(ក្នុងនោះ៥នាក់ត្រូវបានកម្លាំងជំនាញបញ្ជូនទៅមណ្ឌលកែប្រែ) ចំណែកជនសង្ស័យ៥នាក់និងវត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ប៊ុនរិទ្ធី