គណៈប្រតិភូមកពី២៨ប្រទេសរបស់អង្គសមាជិកអង្គការណាតូកាលពីថ្ងៃទី២៨ ខែកក្កដា បានកោះប្រជុំជាបន្ទាន់ដើម្បីពិភាក្សាស្តីអំពីយុទ្ធនាការរបស់ទួរគីប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS និងប្រឆាំងទៅលើក្រុមឧទ្ទាមជនជាតិឃើដ។
ប្រទេសទួរគី ដែលកាលដើមឡើយមានការស្ទាក់ស្ទើរនៅក្នុងសកម្មភាពធ្វើអន្តរាគមន៍ទៅលើក្រុមខាងលើនេះ ប៉ុន្តែនៅពេលបច្ចុប្បន្ន ប្រទេសទួរគីបានចាប់ផ្តើមធ្វើប្រតិបត្តិការវាយឆ្មក់ប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS ដែលកំពុងនៅលើទឹកដីស៊ីរី និងក្រុមឧទ្ទាម PKK ជនជាតិឃើដ ស្ថិតនៅភាគខាងជើងទឹកដីអីរ៉ាក់ ។
ការសម្រេចចិត្តវាយឆ្មក់ខាងលើរបស់រដ្ឋាភិបាលទួរគីធ្វើឡើងបន្ទាប់ពីមានការវាយប្រហារភេរវកម្មសម្លាប់មនុស្សយ៉ាងរង្គាលជាច្រើនដងស្ថិតនៅក្នុងបូរណភាពទឹកដីរបស់ទួរគីកាលពីពេលថ្មីៗកន្លងមកនេះ។
ប្រទេសទួរគីជាប្រទេសសមាជិកដែលមានសារសំខាន់បំផុតរបស់អង្គការណាតូ បានអំពាវនាវឲ្យមានការកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ស្របតាមមាត្រាទី៤នៃក្រុមប្រឹក្សាអាត្លង់ទិចភាគខាងជើងដែលជាសន្ធិសញ្ញាស្តីពីការបង្កើតសម្ពន្ធមិត្ត ។ មាត្រានេះអនុញ្ញាតឲ្យសមាជិកសម្ពន្ធមិត្តទាំងអស់លើកពីសំណើនៅក្នុងសម័យប្រជុំមួយ ប្រសិនបើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនរងការគំរាមកំហែងផ្នែកសន្តិសុខនោះ។
នេះជាកិច្ចប្រជុំលើកទី៥ប៉ុណ្ណោះនៅក្នុងប្រវត្តិសាស្ត្ររបស់សម្ពន្ធមិត្តអង្គការណាតូ ដែលសមាជិករបស់ខ្លួនបានធ្វើសំណើឡើង ។ វានឹងផ្តល់ឱកាសឲ្យទួរគីដែលជាសមាជិកអង្គការណាតូធ្វើតាមគោលបំណងប្រាថ្នារបស់ខ្លួន ក្រោយពីប្រទេសនេះបានឈរនៅដាច់ដោយឡែកពីជម្លោះនៅក្នុងប្រទេសស៊ីរីរយៈពេលវែងកន្លងមកហើយនោះ។
ការកោះប្រជុំនេះផងដែរក៏ផ្តល់ឱកាសដល់សមាជិកអង់ការណាតូទាំងអស់បានដឹង និងឃើញពីសកម្មភាពធ្វើការរួមគ្នារវាងទួរគី នឹងអាមេរិកដែលទើបបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ ក្នុងសកម្មភាពប្រឆាំងទៅលើក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម IS ។
មន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោនបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាមេរិក និងទួរគីបានសម្រេចធ្វើការរួមគ្នាស្តីអំពីសកម្មភាពយោធាដើម្បីបោសសម្អាតក្រុមរដ្ឋអិស្លាមឲ្យអស់ចេញពីតំបន់ស្ថិតនៅភាគខាងជើងទឹកដីស៊ីរី ។
ពួកគេបានអះអាងពីតំបន់គ្មានក្រុមរដ្ឋអិស្លាម ដែលជាការធានាដល់ស្ថិរភាព និងសន្តិសុខកាន់តែរឹងមាំថែមទៀតស្ថិតនៅតាមបណ្តោយបន្ទាត់ព្រំដែនទួរគី និងស៊ីរី ។ ស្ថិតនៅក្រុមកិច្ចព្រមព្រៀង កម្លាំងយោធានឹងដកថយទីតាំងមកនៅចម្ងាយប្រមាណ១០៩គីឡូម៉ែទ្រភាគខាងលិចព្រំដែនទន្លេ Euphrates វិញ ។ នេះបើតាមការផ្សព្វផ្សាយរបស់ប្រភពព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ។
កិច្ចព្រមព្រៀងនេះមានសារសំខាន់ផងណាស់ដែលដល់កងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកក្នុងសកម្មភាពវាយប្រហារពីលើដែនអាកាសប្រឆាំងទៅលើក្រុមឧទ្ទាមរដ្ឋអិស្លាម ដែលកំពុងស្ថិតនៅភាគខាងជើង ក្នុងទឹកដីប្រទេសស៊ីរី ។
កាលពីសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលទួរគីបានយល់ព្រមឲ្យអាមេរិកប្រើប្រាស់បន្ទាយអាកាសរបស់ខ្លួនដែលស្ថិតនៅតំបន់ Incirlik ដើម្បីធ្វើសកម្មភាពវាយប្រហារតាមដែនអាកាសប្រឆាំងទៅលើក្រុមឧទ្ទាមរដ្ឋអិស្លាម ។
ទួរគីកំពុងទទួលរងបន្ទុកជាទម្ងន់ដោយទទួលយកជនភៀសខ្លួនមកពីប្រទេសស៊ីរីប្រមាណជាង១.៨លាននាក់ ក៏ព្រោះតែសង្គ្រាមស៊ីវិលនោះ។ កាលពីថ្ងៃទី២០ ខែកក្កដា ក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាមបានសម្លាប់មនុស្ស៣២នាក់ ស្ថិតនៅទីប្រជុំជន Suruc ទីក្រុងដែលមានជនជាតិឃើដរស់នៅភាគច្រើនបំផុត ស្ថិតនៅជិតបន្ទាត់ព្រំដែនជាមួយប្រទេសស៊ីរី ។
វិបត្តិមួយនេះបាននាំឲ្យស្ថានការណ៍ប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងថែមទៀតស្ថិតនៅតំបន់ខ្លះក្នុងទឹកដីទួរគី រវាងក្រុមមកពីគណបក្សពលករឃើដ PKK នឹងកងទ័ពរដ្ឋាភិបាល ដែលបានសម្លាប់មនុស្សប្រមាណ៤០.០០០នាក់ចាប់តាំងពីឆ្នាំ១៩៨៤កន្លងមកនោះ ។
ក្រុម PKK បានប្រកាសទទួលស្គាល់ការវាយប្រហារដែលសម្លាប់មន្ត្រីសន្តិសុខទួរគី២នាក់ ។ ក្រុមនេះនិយាយថា វាជាការសងសឹកទៅលើការវាយប្រហារគ្រាប់បែកនៅទីប្រជុំជន Suruc ដែលក្រុមនេះមើលឃើញថា ជាទង្វើរបស់ទួរគីសហការជាមួយបណ្តាញIS ។
ការធ្វើប្រតិបត្តិការរបស់ទួរគីនៅក្នុងប្រទេសស៊ីរី ក៏បាននាំឲ្យមានស្ថានការប្រឈមតានតឹងរវាងកងកម្លាំងជនជាតិឃើដផងដែរដែលកំពុងធ្វើសង្គ្រាមជាមួយក្រុមរដ្ឋអិស្លាមស្ថិតនៅភាគខាងជើងស៊ីរីនោះ ៕