ភ្នំពេញ៖ យុវជនម្នាក់បានប្រកាច់ កាច់ដៃកាច់ជើង ហើយស្រែកខ្លាំងធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះមានការភ្ញាក់ផ្អើល នឹកស្មានថាមានចោរប្លន់នាំគ្នាមកចោមរោមមើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចជាប់របងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់មិនស្គាល់ឈ្មោះ មានអាយុប្រហែល២៣ឆ្នាំ រាងស្តើងខ្ពស់ បានមកឈរនៅកន្លែងកើតហេតុហើយកាន់ទូរស័ព្ទមួយគ្រឿងចុចលេង។ ពេលនោះមានអ្នកទៅសួរនាំដែរ តែយុវជននោះមិនតបអ្វីទាំងអស់។ លុះមួយសន្ទុះក្រោយមក ស្រាប់តែបុរសនោះបានអង្គុយកាច់ដៃកាច់ជើង ធ្វើមាត់វៀចចុះវៀចឡើងប្រកាច់ប្រកិនតែម្នាក់ឯង។
ខណៈនោះក៏មានមនុស្សអាក្រក់ឆ្លៀតឱកាស មកឆក់យកទូរស័ព្ទដៃនោះទៀត ធ្វើឲ្យយុវជននោះស្រែកទាំងប្រកាច់ ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឆោឡោមកមើល ដោយនឹកស្មានថាមានចោរប្លន់យកម៉ូតូ។
ក្រោយមកបន្តិចអាការៈរបស់យុវជននោះក៏បានធូរស្បើយទៅវិញ ទើបប្រជាពលរដ្ឋបំបែកគ្នា ដោយទុកគេឲ្យនៅទីនោះតែម្នាក់ឯង៕