ម្ចាស់ក្ងោកនៅខេត្តកំពង់ឆ្នាំង​ ស្វែងរកថវិកា ពង្រីកទ្រុង និងការចិញ្ចឹមក្ងោក​ ខណៈមានអ្នកទៅមើលកាន់តែច្រើន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក យឹម សំអឿន ដែលជាម្ចាស់ក្ងោក​នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានជួយសង្គ្រោះសត្វក្ងោកពីសួនសត្វភ្នំតាម៉ៅមកវិញ កំពុងទទួលបានភាពល្បាញល្បី ដោយការចាប់អារម្មណ៍ និងមានអ្នកចូលទៅមើលជាបន្តបន្ទាប់​ ទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាអ្នកដំណើរឆ្លងកាត់ចូលមើលជារឿយ។

ម្ចាស់ក្ងោករូបនេះ​ បានបញ្ជាក់ទៀតថា លោកមានអារម្មណ៍រីករាយ និងត្រេកអរ ចំពោះកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ឱ្យគេទទួលបានក្ងោកជាទីស្រឡាញ់មកវិញ។ ជាមួយគ្នានោះ​ រូប​លោកក៏បានកោរសក់ លាបំណន់ ដែលបានបន់ជាមួយលោកយាយម៉ៅ ក្រោយទទួលបានក្ងោកមកវិញផងដែរ។

ម្ចាស់ក្ងោក បានបន្ថែមថា​ បច្ចុប្បន្ន​រូប​គេ​បាននិងកំពុងរៀបចំពង្រីកទ្រុង ពង្រីកការចិញ្ចឹមក្ងោកនេះឱ្យបានកាន់តែច្រើន ហើយឱ្យក្លាយជាកន្លែងទាក់ទាញមនុស្សឱ្យចូលមើលផងដែរ។ ក៏ប៉ុន្តែហិរញ្ញវត្ថុជាឧបសគ្គមិនអាចឱ្យគេពង្រីកបំណងនេះឱ្យបានសមនឹងបំណងនោះឡើយ។

ម្ចាស់​ក្ងោក​ បានគូសបញ្ជាក់ថា រូបគេបានចាប់ផ្តើមចិញ្ចឹមក្ងោកនៅឆ្នាំ២០១៤។ ពេលគេទៅលេងនៅរមណីយដ្ឋានជ្រាវ ដោយក្តីអាណិតក្ងោក គេបានទិញពីព្រានព្រៃ ដែលកំពុងដាក់លក់។​ ក្រោយពីទិញបានកូនក្ងោកពីរ។ ចៃដន្យក្ងោកមួយបានងាប់ ហើយក្ងោកមួយទៀតជាញីចិញ្ចឹមបានរហូតដល់ធំ។ ដោយមិនមានឈ្មោលសម្រាប់បង្កាត់នោះ លោក បានទៅទិញក្ងោកពីថៃ៣ក្បាល មានឈ្មោល មានញី ក្នុងតម្លៃប្រមាណ ៥ពាន់ដុល្លារ។ ចាប់ពីពេលនោះមក ក្ងោកក៏ចេះកើតបន្តបន្ទាប់កើនរហូតដល់ប្រមាណ ២១ក្បាលនាពេលបច្ចុប្បន្ន ហើយមានកូនមួយចំនួនទើបនឹងកើតផងដែរ។

ម្ចាស់​ក្ងោក​រូប​នេះ​ បានឱ្យដឹងទៀតថា ដែលមានឪពុកជាគ្រូកសិកម្ម (ទទួលមរណភាពហើយ) បានធ្វើឱ្យលោកយល់ដឹងខ្លះពីការចិញ្ចឹមសត្វ រួមទាំងក្ងោកផងដែរ។ បើតាមលោក សំអឿន ក្ងោកលំបាកចិញ្ចឹមពេលវានៅតូច ព្រោះឆ្លងជំងឺពីសត្វក្នុងភូមិ ដូចជាសត្វមាន់ជាដើម។ ប៉ុន្តែពេលធំ មិនសូវជាបញ្ហានោះឡើយ។​ លោកថា​ សត្វក្ងោកស៊ីចំណីមិនរើសនោះទេ។ ចំណីរបស់វាមានដូចជាស្រូវ បន្លែ និងស្លឹករុក្ខជាតិផ្សេងៗជាដើម។​ ហើយ​សត្វក្ងោកខ្មែរ មួយឆ្នាំពងម្តង មានចន្លោះពី៤ ទៅ៥ពង។ 

ដោយឡែកក្ងោកឥណ្ឌា ពងពីរដងក្នុងមួយឆ្នាំ ហើយពងច្រើនជាងក្ងោកខ្មែរ អាចដល់ទៅ១០ពង។​ ក្ងោកមិនចេះក្រាបពងនោះ ពេលពងម្តងៗលោកយកទៅផ្ញើមេមាន់ក្រាប។ ពងក្ងោកត្រូវប្រើពេលជាង២០ថ្ងៃ ទើបញាស់។

...

បន្ថែមពីនេះ​ ម្ចាស់​ក្ងោក​ ក៏បានបង្ហាញការគាំទ្រចំពោះការសម្រេចរបស់សម្តេចតេជោ ក្នុងការលុបបំរាមហាមចិញ្ចឹមសត្វកម្រដូចជាសត្វក្ងោក។ លោក ក៏បានលើកទឹកចិត្តពលរដ្ឋស្រឡាញ់ក្ងោករួមគ្នាចិញ្ចឹមក្ងោក និងអំពាវនាវពលរដ្ឋខ្មែរឈប់បរិភោគសាច់សត្វព្រៃផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print