ខេត្តកំពង់ឆ្នាំង៖ លោក យឹម សំអឿន ដែលជាម្ចាស់ក្ងោកនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយសង្គ្រោះសត្វក្ងោកពីសួនសត្វភ្នំតាម៉ៅមកវិញ កំពុងទទួលបានភាពល្បាញល្បី ដោយការចាប់អារម្មណ៍ និងមានអ្នកចូលទៅមើលជាបន្តបន្ទាប់ ទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាអ្នកដំណើរឆ្លងកាត់ចូលមើលជារឿយ។
ម្ចាស់ក្ងោករូបនេះ បានបញ្ជាក់ទៀតថា លោកមានអារម្មណ៍រីករាយ និងត្រេកអរ ចំពោះកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ឱ្យគេទទួលបានក្ងោកជាទីស្រឡាញ់មកវិញ។ ជាមួយគ្នានោះ រូបលោកក៏បានកោរសក់ លាបំណន់ ដែលបានបន់ជាមួយលោកយាយម៉ៅ ក្រោយទទួលបានក្ងោកមកវិញផងដែរ។
ម្ចាស់ក្ងោក បានបន្ថែមថា បច្ចុប្បន្នរូបគេបាននិងកំពុងរៀបចំពង្រីកទ្រុង ពង្រីកការចិញ្ចឹមក្ងោកនេះឱ្យបានកាន់តែច្រើន ហើយឱ្យក្លាយជាកន្លែងទាក់ទាញមនុស្សឱ្យចូលមើលផងដែរ។ ក៏ប៉ុន្តែហិរញ្ញវត្ថុជាឧបសគ្គមិនអាចឱ្យគេពង្រីកបំណងនេះឱ្យបានសមនឹងបំណងនោះឡើយ។
ម្ចាស់ក្ងោក បានគូសបញ្ជាក់ថា រូបគេបានចាប់ផ្តើមចិញ្ចឹមក្ងោកនៅឆ្នាំ២០១៤។ ពេលគេទៅលេងនៅរមណីយដ្ឋានជ្រាវ ដោយក្តីអាណិតក្ងោក គេបានទិញពីព្រានព្រៃ ដែលកំពុងដាក់លក់។ ក្រោយពីទិញបានកូនក្ងោកពីរ។ ចៃដន្យក្ងោកមួយបានងាប់ ហើយក្ងោកមួយទៀតជាញីចិញ្ចឹមបានរហូតដល់ធំ។ ដោយមិនមានឈ្មោលសម្រាប់បង្កាត់នោះ លោក បានទៅទិញក្ងោកពីថៃ៣ក្បាល មានឈ្មោល មានញី ក្នុងតម្លៃប្រមាណ ៥ពាន់ដុល្លារ។ ចាប់ពីពេលនោះមក ក្ងោកក៏ចេះកើតបន្តបន្ទាប់កើនរហូតដល់ប្រមាណ ២១ក្បាលនាពេលបច្ចុប្បន្ន ហើយមានកូនមួយចំនួនទើបនឹងកើតផងដែរ។
ម្ចាស់ក្ងោករូបនេះ បានឱ្យដឹងទៀតថា ដែលមានឪពុកជាគ្រូកសិកម្ម (ទទួលមរណភាពហើយ) បានធ្វើឱ្យលោកយល់ដឹងខ្លះពីការចិញ្ចឹមសត្វ រួមទាំងក្ងោកផងដែរ។ បើតាមលោក សំអឿន ក្ងោកលំបាកចិញ្ចឹមពេលវានៅតូច ព្រោះឆ្លងជំងឺពីសត្វក្នុងភូមិ ដូចជាសត្វមាន់ជាដើម។ ប៉ុន្តែពេលធំ មិនសូវជាបញ្ហានោះឡើយ។ លោកថា សត្វក្ងោកស៊ីចំណីមិនរើសនោះទេ។ ចំណីរបស់វាមានដូចជាស្រូវ បន្លែ និងស្លឹករុក្ខជាតិផ្សេងៗជាដើម។ ហើយសត្វក្ងោកខ្មែរ មួយឆ្នាំពងម្តង មានចន្លោះពី៤ ទៅ៥ពង។
ដោយឡែកក្ងោកឥណ្ឌា ពងពីរដងក្នុងមួយឆ្នាំ ហើយពងច្រើនជាងក្ងោកខ្មែរ អាចដល់ទៅ១០ពង។ ក្ងោកមិនចេះក្រាបពងនោះ ពេលពងម្តងៗលោកយកទៅផ្ញើមេមាន់ក្រាប។ ពងក្ងោកត្រូវប្រើពេលជាង២០ថ្ងៃ ទើបញាស់។
បន្ថែមពីនេះ ម្ចាស់ក្ងោក ក៏បានបង្ហាញការគាំទ្រចំពោះការសម្រេចរបស់សម្តេចតេជោ ក្នុងការលុបបំរាមហាមចិញ្ចឹមសត្វកម្រដូចជាសត្វក្ងោក។ លោក ក៏បានលើកទឹកចិត្តពលរដ្ឋស្រឡាញ់ក្ងោករួមគ្នាចិញ្ចឹមក្ងោក និងអំពាវនាវពលរដ្ឋខ្មែរឈប់បរិភោគសាច់សត្វព្រៃផងដែរ៕ដោយ៖សហការី