សមត្ថកិច្ចផាកពិន័យ និងដកពិន្ទុប័ណ្ណបើកបររថយន្ដចំពោះអ្នកបើកបញ្ច្រាសលើផ្លូវល្បឿនលឿនចំនួន៣១ករណី ក្នុងរយៈពេល៣សប្ដាហ៍ ខែមីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាប្រធានក្រុមការងារនគរបាលចរាចរណ៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​៖​ មន្ដ្រីនគរបាលចរាចរណ៍ផាកពិន័យ ដកពិន្ទុប័ណ្ណបើកបរ និងធ្វើកិច្ចសន្យាអប់រំ​ ចំពោះ​ករណីរថយន្ដបើកបរបញ្ច្រាសទិសចរាចរណ៍លើផ្លូវល្បឿនលឿន ចំនួន៣១ករណី​ ក្នុងរយៈពេល៣សប្ដាហ៍ ខែមីនា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ត្រួតពិនិត្យរថយន្ដសរុបចំនួន៥៦គ្រឿង ក្នុងនោះផាកពិន័យ៣៨គ្រឿង និងអប់រំ១៨ករណី​ នេះបើ​គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ 

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ​ បានបញ្ជាក់បន្ដថា ករណីដែលសមត្ថកិច្ចផាកពិន័យច្រើនជាងគេ គឺការបើកបរបញ្ច្រាសទិសដៅចរាចរណ៍តែម្ដង មានចំនួន៣១គ្រឿងត្រូវបានផាកពិន័យ និងដកពិន្ទុ។ តាមការសាកសួររបស់សមត្ថកិច្ច មូលហេតុដែលនាំឲ្យពួកគាត់បើកបញ្ច្រាសទិសនេះ គឺដោយសារមិនស្គាល់ភូមិសាស្ដ្រផ្លូវ ហើយខ្លះទៀតបើកហួសផ្លូវបត់។

ចំពោះការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿននេះ លោកបានអះអាងថា ក្រុមការងារនគរបាលចរាចរណ៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តែងធ្វើការត្រួតពិនិត្យជាប់ជាប្រចាំតាមរយៈការមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមដងផ្លូវ ដើម្បីស្វែងរកបទល្មើសផ្សេងៗដែលកើតមានឡើង សំដៅមានវិធានការបង្ការ និងបង្ក្រាបបានទាន់ពេលវេលា។

ដោយឡែកជុំវិញករណីនេះដែរ​ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ​លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី​ នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ កុំបើកបរថយក្រោយ ឬបញ្ច្រាសទិសដៅចរាចរណ៍ ព្រោះសកម្មភាពនេះងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងផ្ទាល់។

​ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី​ ក៏អំពាវនាវដល់អ្នកបើកបរទាំងអស់ ពិសេសអ្នកដែលត្រូវប្រើប្រាស់ផ្លូវល្បឿនលឿន មុនបើករថយន្ដឡើងលើផ្លូវនេះ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដឲ្យបានត្រឹមត្រូវ ក្នុងទាំងកម្រិតទឹក ប្រេងម៉ាស៉ីន ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធភ្លើង សម្ពាធខ្យល់កង់ សំបកកង់ និងប្រេងសាំងជាដើម។

...

លោកប្រធាននាយកដ្ឋាន បានបន្តថា បន្ទាប់ពីច្បាស់លាស់លើលក្ខណៈបច្ចេកទេសយានយន្ដហើយនោះ អ្នកបើកបរត្រូវប្រើប្រាស់ផ្លូវល្បឿនលឿនដោយគោរពច្បាប់ចរាចរណ៍ ពិសេសការប្រើប្រាស់លឿន តាមអ្វីដែលបានកំណត់លឿនបំផុត១២០គីឡូម៉ែត្រក្នុងមួយម៉ោង (សម្រាប់រថយន្ដគ្រួសារ) និងការកំណត់ល្បឿនផ្សេងទៀតសម្រាប់រថយន្ដដឹកទំនិញ។​ លើសពីនេះទៅទៀត​ ត្រូវប្រើស្គាល់ឲ្យច្បាស់ពីការប្រើប្រាស់គន្លងផ្លូវ ដោយហាមប្រើប្រាស់ឈប់បន្ទាន់ និងគន្លងវ៉ាជែង (ក្នុងករណីបើកធម្មតា) ព្រមទាំងគោរពតាមស្លាកសញ្ញាចរាចរណ៍ ដោយហាមការបើកបរបញ្ច្រាសទិសជាដើម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print