សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។សម្តេចតេជោបានមានប្រសាសន៍ជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្ស​បាន៥-១៥ នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ៣លានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។

នៅថ្ងៃនេះ សម្ដេចតេជោ បានមានប្រសាសន៍ជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ហើយនៅថ្ងៃនេះ សម្ដេចបានផ្ដាំផ្ញើទៅរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្ត្រីក្រោយៗ ត្រូវរក្សា​ការពារ​ទីតាំងរបស់វិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ឱ្យខាងតែបាន ដោយមិនឱ្យនរណាមកប៉ះពាល់ឡើយ។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យផលិតពូជ​ស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់​តាម​តម្រូវការទីផ្សារទាំង ក្នុងស្រុក និងក្រៅប្រទេស។សម្ដេចក៏ប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ​ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន​ លើផ្នែកកសិ-ឧស្សាហកម្ម។ សម្ដេចតេជោបានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់ចំពោះ​មន្ត្រី​ជំនាញកសិកម្ម ដែលចុះ ទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករដើម្បីទទួលបានជំនាញច្បាស់លាស់លើវិស័យកសិកម្ម។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជានឹងទម្លាក់ទុនប្រមាណ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ សម្ដេចក៏ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះCP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ» ។

ថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានដំណោះស្រាយដល់ប្រជានេសាទ​នៅតំបន់​អភិរក្សផ្សោត ដោយផ្ដល់​ជា​បណ្ណក្រីក្រ​ ដើម្បីកាត់បន្ថយការនេសាទ​នៅតំបន់អភិរក្សនោះ ​ដែលបង្ករនៅផលប៉ះពាល់ដល់និរន្តរភាពសត្វផ្សោយ។ នៅថ្ងៃនេះ សម្តេចតេជោ ក៏បានប្រកាសពីគោលបំណងនាំគ្រាប់ស្វាយចន្ទីធំជាង​គេនៅ​លើពិភព​លោក​ ខណៈដែលបច្ចុប្បន្នការនាំស្វាយចន្ទីបានតួលេខក្រោយប្រទេសកូឌីវ័រ​ តែបន្តិចប៉ុណ្ណោះ។ 

...

មុននឹងបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ សមាគមពាក់ព័ន្ធទាំងអស់ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត លើវិស័យកសិកម្ម។ បន្ទាប់មកសម្តេចតេជោ ក៏បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃល្អ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយចំនួនផងដែរ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print