សម្តេចតេជោ ហ៊ុន សែន ប្រាប់អភិបាលខេត្ត និងមន្ទីរកសិកម្ម យកចិត្ត ដោះស្រាយបញ្ហាកសិកម្ម និងបញ្ហាចិញ្ចឹមសត្វជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានប្រាប់អភិបាលខេត្ត មន្ត្រីភូមិឃុំនីមួយៗត្រូវសហការជាមួយមន្ទីរកសិកម្មខេត្តចុះទៅដោះស្រាយបញ្ហាកសិកម្ម និងបញ្ហាចិញ្ចឹមសត្វជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោប្រាប់ថា៖«(បើ)មួយស្រុកមាន១២ឃុំ អ៊ីចឹងឧស្សាហ៍កោះប្រជុំគ្នា ឧទាហរណ៍មានឃុំមួយកើតហេតុ ជំងឺស្រូវ ឬជំងឺសត្វ ប្រមូលមន្ត្រីកសិកម្មនៅភូមិឃុំផ្សេងៗមកជួយគ្នា ហើយអភិបាលស្រុក អភិបាលខេត្ត ត្រូវឧស្សាហ៍ជួបអ្នកទាំងហ្នឹង»។

នាយករដ្ឋមន្ត្រីបានជំរុញឱ្យមានកិច្ចសហការគ្នាបែបនេះ ស្របពេលរដ្ឋាភិបាលមានគោលដៅថានឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មតាមឃុំនៅទូទាំងប្រទេសដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលាជូនដល់កសិករ បើកាលណាអាណត្តិក្រោយគណបក្សប្រជាជនបន្តជាប់ឆ្នោត។

សម្តេចបញ្ជាក់ថា៖«នេះជាគោលនយោបាយថ្មីរបស់គណបក្សប្រជាជនអនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្មជូនប្រជាជននៅតាមជនបទសម្រាប់អាណត្តិថ្មីក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ»។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ៖ ត្រូវបញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់ទូទាំងប្រទេសបន្ទាប់ពីបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យចាត់បញ្ជូនមន្រ្តីជំនាញកសិកម្មទៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសបន្ទាប់ពីបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីជំនាញកសិកម្ម ដែលចុះទៅជួយនៅតាមមូលដ្ឋានគ្រប់ឃុំទាំងអស់ផងដែរ។

ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន ដោយផ្តោតលើផ្នែកកសិ-ឧស្សាហកម្ម៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print