ភ្នំពេញ៖ លោកឃ្លាំងហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វា និងក្រុមគ្រួសារ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បានដឹកនាំមន្រ្តីសាលាខណ្ឌព្រមទាំងក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ អាជ្ញាធរដែនដីក្រោមឱវាទសាលាខណ្ឌ នាំយកទៀនព្រះវស្សា និងទេយ្យទានរបស់សាលារាជធានីភ្នំពេញមកប្រគេនដល់វត្តចំនួន០៩ ដែលពិធីនេះឡើងនៅក្នុងវត្តមង្គលសិរីគៀនឃ្លាំង ស្ថិតនៅសង្កាត់-ខណ្ឌជ្រោយចង្វារ។
លោកឃ្លាំង ហួត បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា បច្ចុប្បន្ននេះ មានការរីកចំរើន គួរឱ្យកត់សំគាល់ ដើម្បីរួមចំណែកក្នុងវិស័យពុទ្ធសាសនាជាមួយរាជរដ្ឋាភិបាល រូបលោក និងក្រុមការងារជារៀងរាល់ឆ្នាំ តែងតែនាំទេយ្យវត្ថុ និងទៀនវស្សា ប្រគេនជូនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវង្សាក្នុងខណ្ឌជ្រោយចង្វា ដែលស្រប ទៅតាមជំនឿប្រពៃណី របស់ប្រជាជនខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តាំងពីដើមរៀងមក។
លោកអភិបាលខណ្ឌបន្តទៀតថា ពាក់ព័ន្ធទៅនឹងប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរ ដែលជានិច្ចកាលតែងផ្សាភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនានៅក្នុងរដូវចូលព្រះវស្សានេះ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សានៅក្នុងវត្ត ហើយមិនអាចចេញទៅបិណ្ឌបាត្រនៅក្រៅវត្តបានទេ ដូច្នេះពុទ្ធបរិស័ទ្ធត្រូវយកចង្ហាន់ និងសម្ភារៈនានាមកប្រគេនព្រះសង្ឃក្នុងរយៈពេលនេះ។
ទេយ្យទានដែលបានយកមកប្រគេននាឱកាសនោះរបស់សាលារាជធានីភ្នំពេញ ប្រគេនទេយ្យទានក្នុងមួយវត្តទទួលបាន បច្ច័យ១០មឺុនរៀល ទៀនព្រះវស្សា១គូ សាដក១កញ្ចប់ ប្រេង១កាន(៣០លីត្រ) ស្ករស១បាវ(២៥គ.ក) ទឹកដោះគោ១កេស(៤៨កំប៉ុង) ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស និងមីយើង២កេស។
ចំណែលខាងសាលាខណ្ឌជ្រោយចង្វារ ប្រគេនទេយ្យទានក្នុងមួយវត្តទទួលបាន៖ បច្ច័យ៤២មឺុនរៀល ត្រីខ១កេស ទឹកត្រី២កេស និងទឹកស៊ីអ៊ីវ២កេស៊ជាមួយគ្នានេះដែលលោកស្រី កែវ ច័ន្ទស៊ុនណារី ប្រគេនកាហ្វេ១កែវ ម្សៅទឹកដោះគោ១កែវ ស្ករពោត១ប្រអប់ និងបច្ច័យ១ម៉ឺនរៀល។
ដោយឡែកសម្រាប់វត្តមង្គលសិរីគៀនឃ្លាំង លោក ឃ្លាំង ហួត និងក្រុមគ្រួសារបានប្រគេននូវបច្ច័យ១លានរៀល ទៀនព្រះវស្សា១គូ ធូប៣ដុំធំ ត្រីខ១កេស ទឹកត្រី២កេស ទឹកស៊ីអ៊ីវ២កេស ទឹកសុទ្ធ៤កេស ទឹកក្រូច៤កេស ស្ករស១០គ.ក តែ៤កញ្ចប់(២គ.ក) មី៤កេស ទឹកដោះគោ១កេស និងអង្ករ២បាវ បន្ថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សាប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥កើត ខែទុតិយាសាធ ដល់ ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥៕ជ្រោយពេជ្រ