ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យបានឆាបឆេះអតីតទីតាំងរោងចក្រផលិតអាកុលនិងកែច្នៃសារធាតុគ្រឿងញៀនដែលស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរ និងសមត្ថកិច្ចចុះអន្តរាគមន៍នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងដែលរងការឆាបឆេះនេះអតីតជាទីតាំងរោងចក្រដែលផលិតអាកុល ហើយក្រោយមកជនសង្ស័យមួយក្រុមបានយកទីតាំងនេះធ្វើជាកន្លែងកែច្នៃគ្រឿងផ្សំសារធាតុគីមីដើម្បីផលិតគ្រឿងញៀន ។ក្រោយមកសមត្ថកិច្ចក៏បានធ្វើការបង្ក្រាបដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនជាច្រើននាក់និងរឹបអូសសារធាតុផ្សំជាច្រើនតោន។ទីតាំងនេះដែរក៏ត្រូវតុលាការបានរឹបអូសជាសម្បត្ដិរដ្ឋ តាមរយៈសាលដីកាស្ថាពររបស់តុលាការកំពូល។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ដោយយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញជនសង្ស័យដែលជាអ្នកដុត ដំបូងឡេីយគឺដុតព្រៃហើយបន្ទាប់មកចូលទៅដុតរថយន្តក្នុងរោងចក្រ ក្រោយដុតជនសង្ស័យបានគេចខ្លួនចូលព្រៃបាត់។
បន្ទាប់ពីអន្តរាគមន៍ករណីឆេះរួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាហើយឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ប៊ុន ធី ហៅកោប អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺយកមកសួរនាំ។នៅចំពោះមុខសមត្ថកិច្ចយុវជនរូបនេះបានសារភាពថាខ្លួនពិតជាបានដុតទីតាំងរោងចក្រនោះមែនដោយសារតែខ្លួនខូចចិត្តនិងការលែងលះជាមួយប្រពន្ធហើយប្រពន្ធទៅមានប្តីថ្មីទៀត។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួរបញ្ជាក់ថា អគ្គិភ័យនេះមិនបានបំផ្លាញដល់អគាររោងចក្រនោះទេដោយសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល តែរថយន្តម៉ាកមុីស៊ុយប៊ីសុីមួយគ្រឿងបានឆេះខូចខាតផ្នែកខ្លះនៃរថយន្ត៕ដោយ៖ ភារ៉ា ដង្កោ