ភ្នំពេញ៖ បុរសពីរនាក់ ម្នាក់ជាបុគ្គលិកមន្ទីរពេទ្យជប៉ុន និងម្នាក់ទៀតជាអ្នករកស៉ីដឹកទំនិញ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក នាំខ្លួនយកមកសាកសួរ បន្ទាប់ពីរកឃេីញមានសុកមនុស្សចំនួន ២ស្បោងធំៗ។
បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឱ្យដឹងថា បុរសទាំងពីរនាក់ដែលសមត្ថកិច្ចនាំមកសាកសួរនេះ ទី១,ឈ្មោះ ហុក វិចិត្រ ភេទប្រុស មុខរបរអ្នកដឹកទំនិញ និងទី២,ឈ្មោះ ភារុណ ភេទប្រុស ជាបុគ្គលមន្ទីរពេទ្យជប៉ុន។
មន្រ្តីដដែលបន្តថា កាលពីវេលាម៉ោងប្រហែលជាង ៨ព្រឹកថ្ងៃអង្គារទី២៨ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងប្រជាការពារខណ្ឌដូនពេញ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញបុរសម្នាក់ ឈ្មោះ ហុក វិចិត្រ បានឈប់នៅខាងក្រោយរបងមន្ទីរពេទ្យ ដោយមានស្បោងខ្មៅធំៗចំនួន២ស្បោង និងមានការសង្ស័យក៏សួរនាំ និងឆែកឆេរស្រាប់តែប្រទះឃើញសុកមនុស្ស ដែលមានឈាមប្រលាក់ពេញស្បោង។ ភ្លាមនោះក៏រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក ដេីម្បីចុះមកត្រួតពិនិត្យមេីលជាក់ស្ដែង និងបាននាំខ្លួនបុរសរូបនេះមកសាកសួរតែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីនាំខ្លួនឈ្មោះ ហុក វិចិត្រ មកសាកសួររូបគេបានឆ្លេីយថា សុកមនុស្សចំនួន២ស្បោងនេះ គឺបុគ្គលិកមន្ទីរពេទ្យជប៉ុនម្នាក់ ឈ្មោះ ភារុណ ឱ្យខ្លួនដឹកយកទៅវត្តវ៉ារិន ដេីម្បីយកទៅដុតកម្ទេចចោលក្នុងឡ ប៉ុន្តែរៀបនិងយកទៅវត្តស្រាប់តែប្រជាការពារខណ្ឌដូនពេញ មកឃាត់សួរនាំតែម្តង។
ដោយឡែកដោយឡែកជុំវិញករណីនេះដែរ លោកវរសេនីយ៍ទោ ស៊ុយ សារិទ្ធ អធិការរង ទទួលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២៨ ខែមីនា ឆ្នាំ២០២៣នេះថា៖ ចំពោះករណីរកឃើញសុកមនុស្សចំនួន ២ស្បោងនេះ លោកបានសាកសួរបញ្ជាក់ទៅខាងរដ្ឋបាលរបស់មន្ទីរពេទ្យជប៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការដែលដឹកសុកមនុស្សនេះតាមរយៈម៉ូតូនៅថ្ងៃនេះ ដោយសារតែសុក មានចំនួនតិចតួចទេីបឱ្យម៉ូតូដឹកយកទៅវត្តវ៉ារិនដែលជាកន្លែងដុតកម្ទេចសុកទាំងនោះចោល ដូចសព្វដង។ ហេីយជារៀងរាល់ថ្ងៃប្រសិនបេីមានសុកច្រេីន គឺខាងមន្ទីរពេទ្យតែងតែដឹកតាមរថយន្តពេទ្យ យកទៅកម្ទេចចោល គឺលេីកលែងតែសុកមានចំនួនតិចតួចទេីបដឹកតាមម៉ូតូ៕ដោយ៖សហការី