ភ្នំពេញ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន បានអនុញ្ញត្តិឲ្យ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោកស្រី Inlavan Keobounphan សមាជិកគណកម្មាធិការកណ្តាលគណបក្ស និងជាប្រធានសហព័ន្ធនារីឡាវ ជួបសម្តែងការគួសម និងពិភាក្សាករងារនាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះ លោកស្រី Inlavan Keobounphan បានបានលើកឡើងថា សហព័ន្ធនារីឡាវជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពមិត្តភាព រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសឡាវនិងកម្ពុជា ។ ប្រធានសហព័ន្ធនារីឡាវបានសន្យារក្សានិងលើកកំពស់លទ្ធផលដែលសម្រេចបាន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងឡាវដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងស្ត្រីនៃប្រទេសទាំងពីរ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដដំណេីរទស្សនៈកិច្ចរបស់លោកស្រី Inlavan Keobounphan នាពេលនេះ គឺស្របពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ លោកស្រីក៏បានលេីកឡេីងអំពីវឌ្ឍនៈភាពរស់សមាគមនារីកម្ពុជា ដេីម្បីសន្តិភាពនិងអភិវឌ្ឍន ដែលបានអនុវត្តកន្លងមក ។ ជាពិសេស ការអនុវត្តបាននូអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវដែលបានចុះហត្ថលេខារួមគ្នាកន្លងមក ។ លោកស្រី សង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងនូវការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងតំបន់ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដេីម្បីរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា- ឡាវ ។
ជាចុងក្រោយលោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោកស្រី Inlavan Keobounphan និងគណៈប្រតិភូទទួលបានការស្នាក់នៅប្រកបដោយផាសុខភាព និងនិវត្តទៅមាតុប្រទេសវិញប្រកបដោយសុខ សុវត្ថិភាព ៕
ដោយ : សហការី