ភ្នំពេញ៖ ប្រធានអង្គភាពលទ្ធកម្មនៃរដ្ឋបាលរាជធានីភ្នំពេញ លោក ប៊ុត សារ៉េត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវបេតុងថ្មីពីផ្លូវលេខ៥៩៨ ដល់មហាវិថី៣០ម៉ែត្រមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញអនុ វត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានទាំងការដាក់លូប្រអប់២ម៉ែត្រ៤ជ្រុងចំនួន៣ខ្សែនិងការសាងសង់ស្ថានីយបូមទឹកថ្មីដើរដោយថាមពលអគ្គិសនី។
ប្រធានអង្គភាពលិទ្ធកម្ម បានគូសបញ្ជាក់ថា៖ គម្រោងសាងសង់ផ្លូវបេតុងថ្មីភ្ជាប់ពីផ្លូវលេខ៥៩៨ ទៅមហាវិថី៣០ម៉ែត្រខាងជើងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាគម្រោងរបស់ សាលារាជធានីភ្នំពេញដែលមានទទឹងបេតុង១២ម៉ែត្រនិងបណ្តោយជាង១.០០០ម៉ែត្រ។
លោកប្រធានរូបនេះ បានបន្ថែមថា ផ្លូវនេះត្រូវធ្វើតភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ចំណុចទ្វារទឹកគីឡូម៉ែត្រលេខ៩តែដោយសារមានផលប៉ះពាល់ដោះស្រាយមិនទាន់ចប់បានជាធ្វើត្រឹមពីផ្លូវលេខ៥៩៨សិន ។ ផ្លូវនេះមានដាក់លូប្រអប់ទំហំ២ម៉ែត្របួនជ្រុងចំនួន៣ខ្សែសម្រាប់ដោះទឹកពីប្រឡាយអូរវែងទៅស្ថានីយបូមទឹកកប់ស្រូវទី១ ក្នុងពេលដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩កំពុងធ្វើការសាងសង់មិនទាន់រួច។
ដោយឡែក អភិបាលខណ្ឌឬស្សីកែវ លោក ឯក ឃុនដឿន បានថ្លែងឱ្យដឹងនៅថ្ងៃនេះដែរថា៖ ផ្លូវនៅសងខាងប្រឡាយក្រោយស្ថានីយគីឡូម៉ែត្រលេខ៩ដែលកំពុង សាងសង់ដោយគម្រោងរបស់សាលារាជធានី មានប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋចំនួនជាង៣០គ្រួសារ ដែលពេលនេះក្រុមការងារកំពុងធ្វើការសម្របសម្រួលឱ្យចាកចេញទៅនៅទីតាំងថ្មី។
សូមជម្រាបជូនថា ផ្លូវដែលមន្ទីរសាធារណការរាជធានីភ្នំពេញ កំពុងសាងសង់ពីផ្លូវលេខ៥៩៨ ទៅមហាវិថី៣០ម៉ែត្រភ្ជាប់ចរាចរទៅដល់មហាវិថីហាណូយ ដោយចាប់ពី មហាវិថី៣០ដល់ប្រឡាយមេនាំទឹកទៅស្ថានីយបូមទឹកកប់ស្រូវបានសាងសង់ជាបេតុងរួចរាល់ហើយ។ ជាក់ស្ដែងផ្លូវនេះជាផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការជួយសម្រាលចរាចរនៅ គល់ស្ពានព្រែកព្នៅ ខណៈបច្ចុប្បន្ននេះអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានចាប់ផ្តើមធ្វើហើយ៕ដោយ៖សហការី