ភ្នំពេញ៖ ក្រោយពីបានចូលរួមប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៦សប្តាហ៍ជាមួយសមាជិកក្រុមU19របស់ក្លិបភ្នំពេញក្រោននោះ កីឡាករ ម៉ែន ពិភព ត្រូវបាន គណៈកម្មការបោះឆ្នោតជ្រើសរើសផ្តល់ជ័យ លាភីជាកីឡាករទាត់បាល់បញ្ចូលទីដៃគូប្រកួតបានច្រើនទទួលបានពានរង្វាន់១និងពាន១ទៀតរូបគេទទួលបានដោយការបោះ ឆ្នោតដែរគឺពានរង្វាន់កីឡាករល្អក្នុងកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាយុវជនស្មាត២០១៦នៅកីឡដ្ឋានក្លិបបាល់ទាត់ ភ្នំពេញក្រោននាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ។
បើទោះបីកីឡាករ ម៉ែន ពិភព ទទួលបាន ពានរង្វាន់ចំនួន២ក្នុងពេលតែមួយក៏ដោយ ក៏កីឡាកររូបនេះ ហាក់នៅមានចិត្តស្ទាក់ស្ទើរនិងមិនហ៊ានរំពឹងថាខ្លួនអាចត្រូវបានលោកអូ ហារ៉ា ដែលជាគ្រូបង្វឹកក្រុម ជម្រើសជាតិ U19 កម្ពុជាជ្រើសយកទៅដាក់បញ្ចូលក្នុងក្រុមនោះឡើយ ។ កីឡាករ ម៉ែន ពិភព បាននិយាយថា “ខ្ញុំមិនសូវសង្ឃឹមថាបានចូលរួមក្នុងជម្រើសជាតិកម្ពុជាទេ ប៉ុន្តែកីឡាកររូបនេះមិនបានបញ្ជាក់ពីមូលហេតុឡើយដោយគ្រាន់តែអះអាងថា បន្ទាប់ពី ខ្លួនដណ្តើមបានពានរង្វាន់ឆ្នើមទាំង២នេះ តទៅមុខទៀតខ្លួននឹងខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីឲ្យក្លាយទៅជាកីឡាករអាជីពម្នាក់ក្នុងពេលអនាគត”។
ជាមួយនឹងការតាំងចិត្តដ៏មុតមាំរបស់ កីឡាករ ម៉ែន ពិភព ក៏មានកីឡាករដែលស្ថិតក្នុងដួងចិត្តខ្លួនម្នាក់ផងដែរគឺកីឡាករបាល់ទាត់របស់ថៃមិនមែនជាកីឡាករ ជម្រើសជាតិកម្ពុជានោះឡើយ។ ម៉ែន ពិភព បានបញ្ជាក់ថាមូលហេតុដែល“ខ្ញុំស្រឡាញកីឡាករថៃ ដោយសារតែគាត់ គឺជាកីឡាករម្នាក់មានចិត្តតស៊ូរហូតទទួលបានភាពជោគជ័យក្នុងវិស័យកីឡាបាល់ទាត់ ថៃនាបច្ចុប្បន្ន” ។
គួររំលឹកថា កីឡាករ ម៉ែន ពិភពលេងឲ្យក្លិបបាល់ទាត់ភ្នំពេញក្រោនអាយុក្រោម ១៩ឆ្នាំហើយជ័យលាភីដែលកីឡាកររូបនេះ ទទួលបានបន្ទាប់ពីរូបគេជួយរកគ្រាប់បាល់ឲ្យក្រុមបានច្រើនជាងគេក្នុងចំណោម៦ប្រកួតនៃកម្មវិធីខាងលើ ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់យុវជនស្មាតអាយុក្រោម១៩ឆ្នាំសម្រាប់រដូវកាលឆ្នាំ២០១៦នេះ ក្រុម ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១គឺក្រុម ភ្នំពេញក្រោន, លេខ២ក្រុមព្រះខ័នរាជ្យខេត្តស្វាយរៀង, លេខ៣បានទៅក្រុមក្រសួង ការពារជាតិនិងលេខ៤បានទៅក្រុមបឹងកេត ៕
ដោយ៖ សារីម