ភ្នំពេញ៖ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនកំពុងរងនូវបណ្តឹងរបស់ពលករជាច្រើននាក់ ដាក់ទៅនាយកដ្ឋានមុខរបរ និងអត្ថពល
...
កម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ករណីនាយកមជ្ឈមណ្ឌលនេះ ត្រូវបានប្រើល្បិចឆបោក ថា ខ្លួនមានសិទ្ធិនាំពលករទៅធ្វើកា
រប្រទេសជប៉ុនផ្នែកវិស័យកសិកម្ម ។ ប៉ុន្តែក្រោយពីយកប្រាក់ពី
ពលករក្នុងម្នាក់៤ពាន់ដុល្លារ បែរជាមិនអាចនាំទៅបម្រើការបាន ។
ក្រុមពលករបាននិយាយថា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន បានឲ្យបណ្តាញរបស់គាត់ ដើរឃោសនា អូសទាញប្រជាពលរដ្ឋឲ្យទៅធ្វើការប្រទេសជប៉ុន ដោយគ្រាន់តែរៀនវគ្គពិសេសជាភាសាជប៉ុនរយៈពេល៣ខែ និងមានសិទ្ធិទៅធ្វើការ ។
ពលករចំនួន១៨នាក់ រស់នៅភូមិសូរជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បានបញ្ជាក់ថា ពួកគេត្រូវចំណាយប្រាក់ក្នុងម្នាក់ចំនួន៤ពាន់ដុល្លារ និងមានបន្ថែមចំនួន៧០០ដុល្លារទៀត សម្រាប់សេវារៀនវគ្គពិសេសភាសាជប៉ុនឆាប់បានចេញទៅធ្វើការប្រទេសជប៉ុនមុនគេ ។ ផ្ទុយទៅវិញ ក្រោយពីរៀនរយៈពេល៣ខែ តាមការកំណត់របស់មជ្ឈមណ្ឌល ពួកគេទាំងអស់គ្នា មិនបានទៅធ្វើការប្រទេសជប៉ុន និងមិនទទួលខុសត្រូវចំពោះការយកប្រាក់ពីប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់នេះថែមទៀត ។
នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនបានធ្វើឲ្យពលរដ្ឋខ្មែរមានទំនុក ខណៈវិធីបោកគេបានប្រើមជ្ឈមណ្ឌលជាទីតាំងថា មានសិទ្ធិនាំពលករទៅធ្វើការនៅប្រទេសជប៉ុន និងធានាក្នុងរយៈពេល៣ខែ ដូច្នេះ ប្រជាពលរដ្ឋ មានជំនឿតាមរយៈការឃោសនាអូសទាញ ចុងក្រោយពួកគាត់ក្លាយជាជនរងគ្រោះ ដោយសារការខ្ចីបុលប្រាក់ពីអ្នកដទៃ ពីធនាគារ លក់គោ ក្របី ដីស្រែជាដើម ។
យុវជន ឌន សាក់ បាននិយាយថា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនខាងលើបានធ្វើកិច្ចសន្យាទទួលប្រាក់ពីពលករ ដែលចង់ទៅធ្វើការនៅប្រទេសជប៉ុនលក្ខណៈត្រឹមត្រូវ ធ្វើឲ្យមានការទុកចិត្ត ក្នុងនោះគេថែមទាំងមានមេធាវីប្រថាប់ត្រា ប៉ុន្តែពួកគាត់បានប្រើល្បិចកល យកប្រាក់ពីពេលព្រឹកហើយឲ្យមេធាវីប្រថាប់ត្រានៅពេលយប់ បែរជាដាក់ថា ប្រគល់ប្រាក់ឲ្យគ្រប់ចំនួនវិញ ក្នុងថ្ងៃតែមួយ ជាលក្ខណៈបន្លំ ពួកគេ ដែលមិនសូវយល់អំពីច្បាប់ទម្លាប់ និងទើបនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន ប្រើវិធីនេះដើម្បីគេចវេះពីការទទួលខុសត្រូវផ្លូវច្បាប់ ។
ឌន សាក់ បន្តថា ពេលយកប្រាក់៤ពាន់ដុល្លារហើយ ខាងមជ្ឈមណ្ឌលបញ្ជាក់ថា នឹងត្រូវប្រគល់បន្ថែមទៀតចំនួន៤ពាន់ដុល្លារនៅពេលរៀបឡើងយន្តហោះទៅធ្វើការប្រទេសជប៉ុន ក្រោយពីបញ្ចប់វគ្គសិក្សាចំនួន៣ខែនោះ ។ ការពិត សុទ្ធតែជាមធ្យោបាយបោកប្រាស់ទាំងស្រុង រហូតមកដល់បច្ចុប្បន្ន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន មិនបានទទួលខុសត្រូវចំពោះការយកប្រាក់ពីពួកគេ ហើយមិនបានបំពេញកាតព្វកិច្ចរកការងារឲ្យធ្វើពិតប្រាកដនោះ ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់នគរវត្តតាមទូរស័ព្ទឲ្យដឹងថា មជ្ឈមណ្ឌលខាងលើនេះ មិនមានចុះបញ្ជឺត្រឹមត្រូវផ្លូវការណាមួយនៅក្រសួង ឬមានសិទ្ធិនាំពលករទៅធ្វើការនៅប្រទេសជប៉ុននោះឡើយ ។ ដូច្នេះ ពលករជាជនរងគ្រោះ មានជម្រើស២ ប្តឹងនាយកមជ្ឈមណ្ឌលនេះទៅតាមផ្លូវច្បាប់ ។ លោកបន្តថា ទី១ ពួកគាត់អាចប្តឹងទៅអាជ្ញាធរ សមត្ថកិច្ចដែនដី ពីបទឆបោក ទី២ គាត់មានសិទ្ធិប្តឹងមកនាយកដ្ឋានមុខរបរ និងអត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ដូច្នេះ ខាងពលករដែលគ្មានជម្រើសថា នឹងឲ្យនាយកមជ្ឈមណ្ឌលបង្វិលប្រាក់វិញបាន ពួកគេបានបង្ខំចិត្តដាក់ពាក្យបណ្តឹងទៅក្រសួងការងារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ ។ គួររំលឹកថា កន្លងមក លេខទូរស័ព្ទទំនាក់ទំនងនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន គឺមានការផ្លាស់ប្តូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ក្នុងនោះ នៅក្នុងលិខិតទទួលប្រាក់មានលេខទូរស័ព្ទ ប៉ុន្តែជនរងគ្រោះទូរស័ព្ទសួរនាំ បែរជាខាងបុគ្គលិកទាំងនោះអះអាងថា ពួកគេត្រូវបានឈប់ពីការងារ អ្នកខ្លះទៀតត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ។
ពួកគេបានប្រាប់នគរវត្តតាមទូរស័ព្ទផងដែរថា កុំថាឡើយតែពលករអស់ប្រាក់ក្នុងម្នាក់៤ពាន់ដុល្លារនោះ សូម្បីតែពួកគេដែលមានឈ្មោះទទួលប្រាក់តំណាងឲ្យក្រុមហ៊ុន និងមានលេខទូរស័ព្ទប្រថាប់ត្រាមេធាវីនោះក៏ដោយ ក៏ជាជនរងគ្រោះដោយសារនាយកមជ្ឈមណ្ឌលនេះដែរ ។ ពលករបានលើកឡើងថា កន្លងទៅពួកគេ បានប្តឹងទៅកាន់សហជីព ខ្លះឲ្យជួយអន្តរាគមន៍ ដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច និងអាជ្ញាធរ ប៉ុន្តែក្រោយមក មិនត្រឹមតែមិនជួយការងារពួកគេនោះទេ ថែមទាំងទៅចូលរួមធ្វើការជាមួយនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុននេះ ហើយ មិនអើពើចំពោះការស្នើសុំជួយអន្តរាគមន៍របស់ពួកគេទៅវិញ ។
ជុំវិញបញ្ហាទាំងអស់នេះ គួរណាស់តែអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធមេត្តាពិនិត្យឲ្យបានដិតដល់ចំពោះមជ្ឈមណ្ឌលដែលមានចេតនាទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋខ្មែរ ដូចជាករណីនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន ដែលមានឈ្មោះ សុខ ប្រសិទ្ធ ជាអ្នកគ្រប់គ្រង និងមានស្នាក់ការនៅផ្ទះលេខ៤៨០ ផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ ត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីការពារដល់ប្រជាពលរដ្ឋ ដែលងាយនឹងរងគ្រោះ ដោយសារក្រុមជនខិលខូចទាំងនេះ ។
ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោក សុខ ប្រសិទ្ធ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បើជនរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានមុខរបរ និងអត្ថពលកម្ម ក្រុមការងារនឹងចុះធ្វើអធិការកិច្ចត្រួតពិនិត្យ ខណៈមជ្ឈមណ្ឌលនេះមិនមានច្បាប់ត្រឹមត្រូវនៅក្នុងក្រសួងការងារ និងគ្មានសិទ្ធិនាំពលករទៅធ្វើការនៅប្រទេសជប៉ុននោះ ៕
ដោយ៖ សុខ ខេមរា
...