ខេត្តសៀមរាប : នៅព្រឹក ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ក្រោមប្រធានបទ”ក្តីស្រមៃ និងក្តីសង្ឃឹម”នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
ព្រឹត្តិការណ៍អង្គរសសង្ក្រាន្ត ជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងកម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗ ជាច្រើនទៀត។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) នៅម៉ោង៧:៣០នាទីព្រឹក៕
ដោយ : សិលា