ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបំពាក់ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» ជាផ្លូវការជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិ។
សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point ដែលជាសាលាយោធាដ៏ល្បីរបស់ សហរដ្ឋអាមេរិក។ លោកបណ្ឌិត ក៏បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ។
ជាមួយគ្នានោះ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែមេសានេះ បានបង្ហោះសារដោយបញ្ជាក់ថា៖ ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង ពលទាហានរាប់ពាន់នាក់នៅក្នុងកងទ័ព ថ្ងៃនេះដល់វេនត្រូវបំពាក់ខ្លួនឯង😅
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ទូលព្រះបង្គំជាខ្ញុំ។🙏🙏
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ខ្ញុំសូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន៕ដោយ៖សហការី