ខេត្តបាត់ដំបង៖ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលលោក ស៊ុយ សែម បានចុះបំពេញបេសកម្មការងារ ត្រួតពិនិត្យនិងពង្រឹងឡើងវិញនៃការធ្វើអាជីវកម្មរុករករ៉ែមាស
ក្នុងឱកាសនោះលោករដ្ឋមន្រ្តីក៏បានណែនាំដល់ប្រធានក្រុមហ៊ុន ភូយ៉ាង ដែលទទួលបានអាជ្ញាប័ណ្ណសិទ្ធិស្របច្បាប់រករុរ៉ែមាសនៅភ្នំព្រឹកត្រូវអនុវត្តនិងបំពេញលក្ខណៈឱ្យបានត្រឹមត្រូវតាមគោលការច្បាប់របស់ក្រសួងរ៉ែនិងថាមពលដែលបានដាក់ចេញកន្លងមកមានចំនួន៩ចំណុច គឺដើម្បី បញ្ចៀសបញ្ហាកុំឱ្យកើតមានផលប៉ះពាល់ដូចជាបរិស្ថាន ប៉ះពាល់ពលរដ្ឋនៅជុំវិញ និងប៉ះពាល់គ្រោះថ្នាក់ផ្សេងទៀតដែលអនុវត្តមិនត្រូវតាមបច្ចេកទេស។
លោកក៏បានលើកឡើងទៀតថា ការធ្វើអាជីវកម្មរ៉ែមាសស្របច្បាប់គឺមានការបង់ពន្ធចូលរដ្ឋដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ុន្តែការធ្វើអាជីវកម្មនោះធានាឱ្យបានកុំបង្កឱ្យមានបញ្ហាជាមួយពលរដ្ឋ និងប៉ះពាល់ផលប្រយោជន៍ពលរដ្ឋជាដើមនោះ។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក៏បានលើកឡើងជុំវិញនៃការធ្វើអាជីវម្មរ៉ែមាសអាណាធិបតេយ្យផងដែរ។ លោកជម្រុញឱ្យមានការត្រួតពិនិត្យច្បាស់លាស់កំណត់ព្រំប្រទល់រវាងដីក្រុមហ៊ុននិងដីពលរដ្ឋកំពុងធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យធ្វើយ៉ាងឱ្យមានការឯកភាពគ្នា។ លោកក៏បានជម្រុញឱ្យក្រុមឈ្មួញធ្វើអាជីកម្មរ៉ែមាសអាណាធិបតេយ្យខុសច្បាប់ ត្រូវទៅសុំច្បាប់អាជីវកម្មស្របច្បាប់ ដើម្បីងាយស្រួលខាងក្រសួងមានគ្រប់គ្រងច្បាស់លាស់ហើយចេញច្បាប់ជូននិងធ្វើការបង់ពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា នៅចំណុចភ្នំព្រឹក ត្រូវគេមើលឃើញថា ការធ្វើអាជីវកម្មរ៉ែមាស មានចំនួន២ក្រុម ដែលមានក្រុមឈ្មួញអាណាធិបតេយ្យខុសច្បាប់១ក្រុម និងក្រុមខាងក្រុមហ៊ុនភូយ៉ាង១ក្រុមដោយក្រុមហ៊ុនភូយ៉ាងត្រូវគេនិយាយថាមានអាជ្ញាប័ណ្ណស្របច្បាប់។
ការធ្វើអាជីវកម្មរ៉ែមាសនោះដែរកន្លងមក គេសង្កេតឃើញខាងក្រុមអាណាធិបតេយ្យ ខុសច្បាប់បានប្រើប្រាស់កម្មករជីកលុងរករ៉ែមាសដាក់បំផ្ទុះរំសេវផ្ទុះខុសបច្ចេកទេសបណ្តាលឱ្យបាក់ដីសង្កត់ និងផ្ទុះថ្មត្រូវចំកម្មករស្លាប់ជាបន្តបន្ទាប់កាលពីកន្លងទៅនេះ។ សកម្មភាព នៃការធ្វើអាជីវកម្មរ៉ែមាសក្រុមអាណាធិបតេយ្យខុសច្បាប់ក៏ត្រូវគេមើលឃើញថា គ្មានការបង់ពន្ធចូលរដ្ឋនោះទេហើយថែមទាំងបានបង្កប៉ះពាល់បរិស្ថាននោះផងដែរ៕
ដោយ៖ សំ វិច្ឆិកា