ខេត្តបាត់ដំបង៖ យុវជនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នានៅកណ្ដាលក្រុងបាត់ដំបង ដោយប្រើដុំឥដ្ឋគប់គ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរគមន៍ ខណៈយុវជនម្នាក់ បានរងរបួសធ្ងន់រហូតស្លាប់ ពេលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរ។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា នៅចំណុចស្ដុបច្រមុះជ្រូក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឱ្យដឹងនៅព្រឹកចន្ទទី០១ ខែឧសភា ឆ្នាំ២០២៣នេះថា៖ សពជនរងគ្រោះមានឈ្មោះ ទិត្យ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរដំបង២ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកអធិការក្រុង បន្តថា យោងតាមការបំភ្លឺពីមិត្តភ័ក្ដជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុពួកខ្លួនមានគ្នា៩នាក់ បានជិះម៉ូតូ៥គ្រឿង រីឯភាគីម្ខាងទៀតដែលជាជនដៃដល់មានគ្នាតែ២នាក់ជិះម៉ូតូមួយគ្រឿង។ ហើយអំពើហិង្សានេះ គឺផ្ដើមចេញពីការជិះម៉ូតូមើលមុខគ្នា រួចបោះសម្ដីឌឺដងគ្នាទៅវិញទៅមក ទើបឈានដល់ទាញដុំឥដ្ឋគប់គ្នាតែម្តង។
លោក ពេជ្រ សារ៉ែន បានបន្ថែមថា ជនម្នាក់ដែលស្លាប់ គឺត្រូវភាគីម្ខាងគប់ចំកញ្ចឹង.កខាងក្រោយ ដែលទំនងពេលកំពុងជិះម៉ូតូ។ ពេលនេះ កម្លាំងជំនាញបាននិងកំពុងសួរនាំភាគីដែលចាញ់ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណភាគីម្ខាងទៀត ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សហការី