ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក សរ ម៉ឺន នៅបុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។
ឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ និងជាសមាជិកនៃ “យ.ជ.ប.ទ.” ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដោយជរាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការចូលរួមរំលែកទុកពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក សរ ម៉ឺន ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាទីបំផុត។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព និងបាននាំយកថវិកាមូលនិធិតេជោ ១២៥ ចំនួន២០លានរៀល ចូលបុណ្យ ផងដែរ។ សូមរំលឹកផងដែរថា មូលនិធិតេជោ១២៥ ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស “យ.ជ.ប.ទ.” ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក៕ ដោយ៖ សូរិយា