រយៈពលកន្លងមកថ្មីៗរុស្សីបានបន្ទន់ឥរិយាបថជាមួយសហគមន៍អឺរ៉ុបនិងអាមេរិក ដោយរុស្ស៊ីចង់ពិភាក្សាគ្នា
ការខិតខំរបស់លោក ពូទីន គឺដើម្បីស្វែងរកការបញ្ចប់ទណ្ឌកម្មពីអឺរ៉ុបតែប៉ុណ្ណោះក្នុងការជួយដល់សេដ្ឋកិច្ចប្រទេសនេះឲ្យកាន់តែប្រសើរឡើងវិញក្រោយទទួលរងការខាងបង់ជាច្រើនដោយទណ្ឌកម្មទាំងនោះ។
ប៉ុន្តែការខិតខំក្លាយជាអត់ន័យក្រោយពេលដែលសហភាពអឺរ៉ុបបានសម្រេចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីរយៈពេល៦ខែបន្ថែមទៀត បើទោះបីជាមានការអំពាវនាវឲ្យមានការបន្ទន់ឥរិយាបថ បន្ធូបន្ថយឲ្យគ្នាទៅវិញទៅមក យ៉ាងណាក៏ដោយ។ ជាការឆ្លើយតបនឹងទណ្ឌកម្មទាំងនេះ រុស្ស៊ីក៏បានហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អឺរ៉ុបវិញដែរ។
ប្រទេសជាសមាជិកទាំង២៨ នៃសហភាពអឺរ៉ុប បានសម្រេចរួមគ្នានៅទីក្រុងព្រុចសែលថា ត្រូវបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីរយៈពេល៦ខែទៀត ពោលគឺចាប់ពីខែកក្កដា រហូតដល់តំណាច់ខែមករា ឆ្នាំក្រោយ។ ទណ្ឌកម្មសេដ្ឋកិច្ចនេះគឺមានជាប់ពាក់ព័ន្ធជាអាទិ៍ ធនាគាររបស់រុស្ស៊ី ក្រុមហ៊ុននាំចេញនាំចូលប្រេងរបស់រុស្ស៊ីព្រមទាំងក្រុមហ៊ុនផលិតសម្ភារសិករបស់រុស្ស៊ីជាដើម។ មិនត្រឹមតែប៉ុណ្ណោះជនជាតិរុស្ស៊ីចំនួនជិត១៥០នាក់ ដែលអ្នកខ្លះជាមន្ត្រីនិងជាថៅកែធំៗ ដែលស្និទនឹងលោក ពូទីន ក៏ជាប់នៅក្នុងបញ្ជីរខ្មៅរបស់សហភាពអឺរ៉ុប ហើយត្រូវអឺរ៉ុបហាមមិនឲ្យចូលដីអឺរ៉ុបទេ។
ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានដាក់ទៅលើរុស្ស៊ីនៅចុងឆ្នាំ២០១៤ ដើម្បីជាការស្តីបន្ទោសទៅលើរុស្ស៊ីដែលបានលូកដៃបញ្ឆេះសង្រ្គាមបំបែកទឹកដីនៅភាគខាងកើតអ៊ុយក្រែន។ បារាំងនិងអាល្លឺម៉ង់បានព្យាយាមនាំភាគីទាំងអស់ មកកាន់តុចរចាដោយបានសម្រេចឲ្យមានកិច្ចព្រមព្រៀងទីក្រុងមីនស្គ៍។ យោងតាមកិច្ចព្រមព្រៀងនេះ រុស្ស៊ីត្រូវតែគោរពបទឈប់បាញ់ និងអនុញ្ញាតឲ្យមានការវិលត្រលប់មករកសន្តិភាពនៅភាគខាងកើតអ៊ុយក្រែនវិញ។
ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប បានធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ ជួបបញ្ហាលំបាកយ៉ាងខ្លាំង។ ជាការសងសឹករុស្ស៊ីក៏បានហាមឃាត់ការនាំចូលផលិតផលកសិកម្ម បន្លែផ្លែឈើ ទឹកដោះគោជាដើម របស់សហភាពអឺរ៉ុប។
ដោយឡែក លោក បេត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងតែមានវត្តមាននៅទីក្រុងប៉ារីស បានមានប្រសាសន៍ថា ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីគឺជាវិធីតែមួយគត់ដើម្បីដាក់ពិន័យលើរុស្ស៊ី ហើយហាមកុំឲ្យរុស្ស៊ីមកបង្ករចលាចលនយោបាយនៅភាគខាងកើតអ៊ុយក្រែនទៀត។
តែយ៉ាងណាក៏ដោយ លោក ហ្សង់ម៉ាក អេរ៉ូ រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែងកាលពីថ្ងៃទី២០ ខែមិថុនា ថា គេគួរចាប់ផ្តើមពិចារណាអំពីការដកទណ្ឌកម្មដើម្បីជានាគ្នាជាមួយរុស្ស៊ីវិញ នៅដំណាច់ឆ្នាំ២០១៦នេះ។ ចំណែកលោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ធ្លាប់បានបញ្ជាក់ថា អាល្លឺម៉ង់ មិនប្រឆាំងទេក្នុងការដកទណ្ឌកម្មជាតំណាក់បន្តិចម្តងៗពីរុស្ស៊ី។
យ៉ាងណាមិញ លោក ហ្សង់ក្លូដ ជុងគើ ប្រធានគណកម្មការអឺរ៉ុប ដែលបានធ្វើទស្សនកិច្ចនៅក្រុងសាំងបេតេស្បួរក៍ កាលពីដើមខែមិថុនា បានមានប្រសាសន៍ថា វិធីតែមួយគត់ដើម្បីឲ្យរុស៊្សី និងអឺរ៉ុបមើលមុខគ្នាត្រង់វិញ គឺត្រូវតែលុបទណ្ឌកម្មសេដ្ឋកិច្ចទាំងសងខាងចោល។ ចំណែកលោកប្រធានាធិបតីរុស្ស៊ីបានឆ្លើយតបថា ខាងរុស្ស៊ីគេមិនមានចិត្តប្រកាន់ខឹងគំគួននឹងសហភាពអឺរ៉ុបទេ តែការដកទណ្ឌកម្មត្រូវធ្វើទាំងសងខាងមិនមែនរុស្ស៊ីតែម្នាក់ឯងទេ៕
ប្រែសម្រួល៖ សាធី