ភ្នំពេញ៖ ពិតជាគួរឱ្យសង្វេគខ្លាំងណាស់ ខណៈដែលក្មេងប្រុសម្នាក់ត្រូវបានរថយន្តម៉ាក Ford Ranger បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបេីកមកបុកចំពាក់កណ្តាលកង់យ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
សពក្មេងប្រុសរងគ្រោះមានឈ្មោះឃាង ភីទិ អាយុ ១០ឆ្នាំ រសនៅបន្ទប់ជួលជាមួយនឹងម្តាយ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះបានជិះកង់មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់កង់ក្បែរចិញ្ចើមផ្លូវ រង់ចាំមិត្ត
ភក្កិម្នាក់ទៀតដែលជិះមកជាមួយគ្នាមកដល់ ខណៈឈប់បានបន្តិចក៏មានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7943បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង និងធ្វើដំណើរស្របគ្នាក្នុងល្បឿនលឿន បានបុកកង់ចំពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឱ្យប៉ើងក្មេងប្រុសរងគ្រោះបោកក្បាលនៅនឹងថ្នល់របួសធ្ងន់ ។
ក្រោយកេីតហេតុភ្លាមៗ រថយន្តសាមុយបានមកដឹកក្មេងប្រុសរងគ្រោះយកទៅសង្គ្រោះបន្ទាន់ផងដែរ តែអកុសលដោយសារស្ថានភាពក្មេងប្រុសរងគ្រោះធ្ងន់ធ្ងរពេកក៏បានស្លាប់នៅឯមន្ទីរពេទ្យតែម្ដងទៅ។ ចំណែកឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសួរនាំបន្ត ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនិងកង់ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពក្មេងប្រុសជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ