ភ្នំពេញ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឱ្យឆ្លាក់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោយទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ នៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយបានដឹង។
សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះជោគជ័យដ៏ធំធេងនៃភាពធ្វើជាម្ចាស់ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយសម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់លើផ្ទាំងសិលានៅបរិវេណវិមានឈ្នះ-ឈ្នះ ពីព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្ ដែលកម្ពុជាបានរៀបចំដោយជោគជ័យ ដើម្បីទុកជាមរតកឱ្យកូនចៅទៅថ្ងៃក្រោយ ដោយមានទាំងផលិតជាវីដេអូរួមមួយ និងធ្វើជាវីដេអូទៅតាមជំនាញនៃវិញ្ញាសានីមួយៗផងដែរ។ សម្តេចថា មោទនភាពជាតិខ្មែរ សម្រាប់ស៊ីហ្គេមនេះ គឺធំធេងណាស់៕ ដោយ៖ សូរិយា