សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិក្សាពីផលប៉ះពាល់ពី ការជីកព្រែកទម្លុះទៅសមុទ្របន្ថែមទៀត នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១ ៧០០លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ គម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ត្រូវចំណាយពេលសាងសង់៤ឆ្នាំ និងត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១ ៧០០លានដុល្លារអាមេរិក , សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលសិក្សាពីផលប៉ះពាល់បរិស្ថានដែលបណ្ដាលមកពីទឹកសមុទ្របន្តទៅទៀត និងបន្តពិភាក្សាជាមួយគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះថា សម្ដេចតេជោ ហ៊ុនសែន បានណែនាំបែបនេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាប់ពីបានពិនិត្យលើរបាយការណ៍ស្ដីពីកិច្ចប្រជុំរបស់គណៈកម្មាការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់»។

សូមបញ្ជាក់ថា, គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលជីកព្រែកបើកផ្លូវទឹកពីរាជធានីភ្នំពេញ ទៅកាន់សមុទ្រនៃខេត្តកែប នឹងត្រូវធ្វើកាត់ខេត្តចំនួន៤រួមមានខេត្តកណ្ដាល តាកែវ កំពត និងកែប មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដោយមានសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣ផងដែរនៅខេត្តកណ្ដាល តាកែវ និងកែប ដើម្បីទប់លំហូរទឹកប្រៃចូលក្នុងទឹកទន្លេ។

តាមរយៈការសិក្សាម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២% ប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា ខណៈក្នុងករណីមានបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី កន្លះម៉ែត្រនោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ ១,២៣% ប៉ុណ្ណោះ ដែលបរិមាណនេះជាចំនួនតិចតួចនឹងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។

បើយោងតារបាយការណ៍ដដែលបញ្ជាក់ថា៖ «ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០%ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ»។

សូមជម្រាបជូនថា, គម្រោងព្រែកជីកនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ត្រូវចំណាយពេលសាងសង់៤ឆ្នាំ និងត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១ ៧០០លានដុល្លារអាមេរិក៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print