ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ចេញ​សេចក្តីបំភ្លឺព័ត៌មាន៖​ ពាក់ព័ន្ធករណីដែលថាមាន​ការចាប់ក្មេងៗ​ ជារឿងមិនពិត

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យោងតាម​សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​​ដំបង​ នៅយប់ថ្ងៃ​អាទិត្យ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២៣ម្សិលមិញ​នេះ​ បានថ្លែង​ថា៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិ​យមប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ ប៉ុន្មានថ្ងៃនេះមានព័ត៌មានលេចឡេីងក្នុងបណ្តាញសង្គម​ ពាក់ព័ន្ធករណីដែលថាមាន​ការចាប់ក្មេងៗនៅក្នុងមូល​ដ្ឋានភូមិ​ ឃុំ​ ដែលព័ត៌មាននេះបាននាំបង្កឱ្យកេីតមាន​នូវក្តីកង្វល់​ និងបង្កនូវការភិត​ភ័យពីមហាជនទូទៅ​ពិ​សេសអាណា​ព្យាបាលរបស់ក្មេង​ ហេីយស្របជា​មួយនោះក៏បានកត់សម្គាល់ឃេីញមានអ្នកប្រេីប្រាស់បណ្តាញសង្គម​ខ្លះ ផ្សព្វផ្សាយនូវព័ត៌​មានមិនពិតជា​ហេតុបង្កនូវការបំពុលបរិយាកាសសង្គម ដែលចាំបាច់​សូមធ្វេីការបំភ្លឺជូនដូចខាងក្រោម៖

១-កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣​ យេីងធ្លាប់បានធ្វេីការបំភ្លឺរួចម្តងហេី​យ​ ទាក់ទងគណនីហ្វេសប៊ុកមួយ​ត្រូវបានគេយករូបស្រ្តីម្នាក់មកផ្សព្វ​ផ្សាយ​ ថាមានការប៉ុនប៉ងល្បួងយកក្មេងនៅក្នុងសង្កាត់ទួលតាឯក​ ក្រុងបាត់ដំបង​ ប៉ុន្តែជាក់ស្តែង​នៅទីនោះ មិនមានករ​ណី​នេះកេីតឡេីងនោះទេ។

២-មកដល់ថ្ងៃនេះ​ទី២០ខែ​ឧសភាឆ្នាំ២០២៣​ រូបស្ត្រីដដែលនោះ​ ត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គ​ម​យកមកបង្ហោះទៀតហេីយសរ​សេរថា​ បញ្ហាកេីតនៅខេត្តបាត់ដំបង​ ដែល​នេះគឺជាព័ត៌មានមិនពិត​ ហេីយ​កំ​ពុងក្លាយជាការបំពុលបរិយាកាសសង្គមបន្ថែមទៀត ។

៣-ចំពោះករណីស្រីខ្មែរម្នាក់នាំក្មេងៗប្រុស​ ស្រីចំនួន០៣នាក់​ទៅលួងលោម​ ដោះយក​កងដៃប្លាទីនមួយគូរ​មានតម្លៃប្រមាណ៣០០ដល្លានោះ កេី​តឡេីង​នៅស្រុកមោងឫស្សី​ កាល​ពីថ្ងៃទី​១១​ខែ​ ឧស​ភា​ ឆ្នាំ​២០២៣​ ក្មេងៗត្រូវបានវិលត្រឡប់មកវិញ​ហេីយករ​ណីនេះសមត្ថកិច្ចកំពុងធ្វេីការសហការស្រាវជ្រាវលេីមុខ​សញ្ញានេះ​ ហេីយជាបឋមអាចវាយតម្លៃថា​ គោល​បំណងរបស់មុខសញ្ញាគឺ​ត្រឹមតែដោះយកគ្រឿងអ​លង្ក​ការ​ពីក្មេងតែប៉ុណ្ណោះ។

៤-ចំពោះករណីកេីតឡេីងនៅស្រុកសំឡូតខេត្តបាត់​ដំបងថ្ងៃទី២០ខែឧស​ភាឆ្នាំ២០២៣នេះជាករណីដែលបុរសអាយុ២៨ឆ្នាំម្នាក់​ញៀនថ្នាំ(បែកថ្នាំ)​ហេីយ​ប្រព្រឹត្តសកម្មភាពហិង្សា ទៅលេីក្មេងប្រុសម្នាក់នៅ​ក្នុងភូមិ​ ប៉ុន្តែភ្លាមៗត្រូវសមត្ថកិច្ចនគរបាលស្រុកសំ​ឡូត​ សហការបង្រ្កាបឃា​ត់ខ្លួនបាននិងរៀបចំអនុវត្តទៅតាមផ្លូវច្បាប់។

ករណីខាងលេីនេះ​ មិនមានសញ្ញាណ​ណាមួយដែលអាចវាយតម្លៃថា​ មានករណីចាប់ក្មេងៗ​បង្កដោយមនុស្ស(ក្នុងគោលដៅផ្សេង)ដូចក្នុងរូបភាពដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម​ កេីតមាននៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង​នោះទេរហូតមកដល់ថ្ងៃនេះ​។

...

ដូច្នេះដេីម្បីចៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត​ ជាហេតុ​នាំបង្កនូវបញ្ហាអសន្តិសុខក្នុងសង្គម​សូមម្ចាស់គណនីដែលបានផ្ស​ព្វផ្សាយ​ត្រូវបញ្ឈប់នូវការផ្សព្វផ្សាយរាល់ព័ត៌មានមិនពិតទាំងនេះ​ ហេីយអ្នក​ប្រេីប្រាស់បណ្តាញសង្គមសូម​កុំបន្តការស៊ែរចែកចាយនូវព័ត៌មានមិនពិតទាំងនេះ​បន្តទៀតនិងសូមចូលរួមសហការជាមួយសមត្ថកិច្ចនៅមូលដ្ឋានដេីម្បី​ទទួលបាន​នូវព័ត៌មានពិត​ រាយ​ការណ៍​ទាន់ពេលក្នុងករណីមាន​បញ្ហាអសន្តិសុខណាមួយកេីតមាននៅក្នុងមូលដ្ឋាន​ សូមអរគុណ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print