ខេត្តបាត់ដំបង៖ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅយប់ថ្ងៃអាទិត្យទី២១ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បានថ្លែងថា៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ប៉ុន្មានថ្ងៃនេះមានព័ត៌មានលេចឡេីងក្នុងបណ្តាញសង្គម ពាក់ព័ន្ធករណីដែលថាមានការចាប់ក្មេងៗនៅក្នុងមូលដ្ឋានភូមិ ឃុំ ដែលព័ត៌មាននេះបាននាំបង្កឱ្យកេីតមាននូវក្តីកង្វល់ និងបង្កនូវការភិតភ័យពីមហាជនទូទៅពិសេសអាណាព្យាបាលរបស់ក្មេង ហេីយស្របជាមួយនោះក៏បានកត់សម្គាល់ឃេីញមានអ្នកប្រេីប្រាស់បណ្តាញសង្គមខ្លះ ផ្សព្វផ្សាយនូវព័ត៌មានមិនពិតជាហេតុបង្កនូវការបំពុលបរិយាកាសសង្គម ដែលចាំបាច់សូមធ្វេីការបំភ្លឺជូនដូចខាងក្រោម៖
១-កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ យេីងធ្លាប់បានធ្វេីការបំភ្លឺរួចម្តងហេីយ ទាក់ទងគណនីហ្វេសប៊ុកមួយត្រូវបានគេយករូបស្រ្តីម្នាក់មកផ្សព្វផ្សាយ ថាមានការប៉ុនប៉ងល្បួងយកក្មេងនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ប៉ុន្តែជាក់ស្តែងនៅទីនោះ មិនមានករណីនេះកេីតឡេីងនោះទេ។
២-មកដល់ថ្ងៃនេះទី២០ខែឧសភាឆ្នាំ២០២៣ រូបស្ត្រីដដែលនោះ ត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គមយកមកបង្ហោះទៀតហេីយសរសេរថា បញ្ហាកេីតនៅខេត្តបាត់ដំបង ដែលនេះគឺជាព័ត៌មានមិនពិត ហេីយកំពុងក្លាយជាការបំពុលបរិយាកាសសង្គមបន្ថែមទៀត ។
៣-ចំពោះករណីស្រីខ្មែរម្នាក់នាំក្មេងៗប្រុស ស្រីចំនួន០៣នាក់ទៅលួងលោម ដោះយកកងដៃប្លាទីនមួយគូរមានតម្លៃប្រមាណ៣០០ដល្លានោះ កេីតឡេីងនៅស្រុកមោងឫស្សី កាលពីថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០២៣ ក្មេងៗត្រូវបានវិលត្រឡប់មកវិញហេីយករណីនេះសមត្ថកិច្ចកំពុងធ្វេីការសហការស្រាវជ្រាវលេីមុខសញ្ញានេះ ហេីយជាបឋមអាចវាយតម្លៃថា គោលបំណងរបស់មុខសញ្ញាគឺត្រឹមតែដោះយកគ្រឿងអលង្កការពីក្មេងតែប៉ុណ្ណោះ។
៤-ចំពោះករណីកេីតឡេីងនៅស្រុកសំឡូតខេត្តបាត់ដំបងថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣នេះជាករណីដែលបុរសអាយុ២៨ឆ្នាំម្នាក់ញៀនថ្នាំ(បែកថ្នាំ)ហេីយប្រព្រឹត្តសកម្មភាពហិង្សា ទៅលេីក្មេងប្រុសម្នាក់នៅក្នុងភូមិ ប៉ុន្តែភ្លាមៗត្រូវសមត្ថកិច្ចនគរបាលស្រុកសំឡូត សហការបង្រ្កាបឃាត់ខ្លួនបាននិងរៀបចំអនុវត្តទៅតាមផ្លូវច្បាប់។
ករណីខាងលេីនេះ មិនមានសញ្ញាណណាមួយដែលអាចវាយតម្លៃថា មានករណីចាប់ក្មេងៗបង្កដោយមនុស្ស(ក្នុងគោលដៅផ្សេង)ដូចក្នុងរូបភាពដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម កេីតមាននៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនោះទេរហូតមកដល់ថ្ងៃនេះ។
ដូច្នេះដេីម្បីចៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ជាហេតុនាំបង្កនូវបញ្ហាអសន្តិសុខក្នុងសង្គមសូមម្ចាស់គណនីដែលបានផ្សព្វផ្សាយត្រូវបញ្ឈប់នូវការផ្សព្វផ្សាយរាល់ព័ត៌មានមិនពិតទាំងនេះ ហេីយអ្នកប្រេីប្រាស់បណ្តាញសង្គមសូមកុំបន្តការស៊ែរចែកចាយនូវព័ត៌មានមិនពិតទាំងនេះបន្តទៀតនិងសូមចូលរួមសហការជាមួយសមត្ថកិច្ចនៅមូលដ្ឋានដេីម្បីទទួលបាននូវព័ត៌មានពិត រាយការណ៍ទាន់ពេលក្នុងករណីមានបញ្ហាអសន្តិសុខណាមួយកេីតមាននៅក្នុងមូលដ្ឋាន សូមអរគុណ៕ដោយ៖សហការី