ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ស្តីពីបញ្ហាប្រឈមនឹងរកដំណោះស្រាយនៃការអនុវត្តច្បាប់រវាង
កិច្ចប្រជុំបានធ្វើឡើងក្រោមវត្តមានលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និង លោក អ៊ិត សម្ផស្ស អនុប្រធានសាលាដំបូងខេត្ត ។ ក្នុងនោះការមានការចូលរួមពីលោកចៅក្រម លោកព្រះរាជអាជ្ញារងនិងលោកមេបញ្ជាការរងកងរាជអាវុហត្ថខេត្តនិងតំណាងលោកស្នងការនគរបាលខេត្ត រួមនិងលោកនាយការិយាល័យជំនាញរបស់ស្នងការដ្ឋានគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងលោកអធិការអធិការរងនិងលោក មេបញ្ជាការមេបញ្ជាការងកងរាជអាវុធ តាមបណ្តាស្រុកក្រុងទាំង៩ក៏បានចូលរួមផងដែរ ។
លោក ផាន់វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានលើកឡើងថា លោកចង់ឱ្យមានការជួបជជែកដោយផ្ទាល់រវាងតុលាការនិងនគរបាលយុត្តិធម៌ដើម្បីរកដំណោះស្រាយនូវបញ្ហាមិនចុះសម្រុងគ្នាក្នុងការការងារអនុវត្តច្បាប់កន្លងមក ។
លោកលើកឡើងទៀតថាការមិនជួបជជែកពិភាក្សាគ្នានោះហើយដែលនាំឱ្យកើតមានមន្ទិលសង្ស័យរវាងគ្នាហើយទៅបាចសាចទឹកដាក់គ្នានៅខាងក្រៅដែលជាហេតុបង្កឱ្យមជ្ឈដ្ឋានពលរដ្ឋមានការយល់ច្រឡំហើយវាយតម្លៃខុសសភាពការណ៍មកលើតុលាការ ។
លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានលើឡើងទៀតថា ទាំងមន្រ្តីនគរបាលយុត្តិធម៌និងតុលាការសុទ្ធតែធ្វើការងារដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នាដើម្បីធានានៃការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនប្រើសិទ្ធិអំណាចទៅគាបសង្កត់និងជិះជាន់អ្នកដ៏ទៃ ដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ។អ្វីក៏ដោយឱ្យតែយើងទាំងអស់គ្នាដាក់ខ្លួនថាជាអ្នកបំរើ ផលប្រយោជន៍ជាតិជាធំ គឺមិនអាចឈ្លោះគ្នាទៅរួចនោះទេ ។
លោកលើកឡើងទៀតថា រវាងមន្រ្តីនគរបាលយុត្តិធម៌និងតុលាការ គឺមិនចង់ឱ្យមានការបែកបាក់និងឈ្លោះគ្នាដោយសារអំណាចនោះទេគឺលោក ចង់ឱ្យមានការសហការគ្នាទៅវិញទៅមកឱ្យបានល្អប្រកបដោយសុខដុមដើម្បីបំពេញកិច្ចការងារអនុវត្តច្បាប់ដំណើរការទៅរលូន ៕
ដោយ៖ សំ វិច្ឆិកា