ខេត្តពោធិ៍សាត់ : នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ទី ថានី តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងលោក Song Yonggun នាយកគម្រោង KOFIH ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមជំនួយឥតសំណងរបស់មូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលកំពុងពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈមានផ្តល់សេវាពិនិត្យ តាមដាន និងព្យាបាលជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម។ល។ ដោយរាល់ការចំណាយជាបន្ទុករបស់រដ្ឋ ចំពោះប្រជាពលរដ្ឋក្រីក្រ ឬមានប័ណ្ណមូលនិធិសមធម៌។
លើសពីនេះទៀតរាជរដ្ឋាភិបាលបានផ្តល់ការឧបត្ថម្ភ បន្ថែមជាសាច់ប្រាក់ ដល់ស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណប.ស.ស ឬមូលនិធិសមធម៌ រហូតដល់កូនមានអាយុ២ឆ្នាំ ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលពោលគឺគ្មាននណាម្នាក់ត្រូវបានទុកចោលដោយមិន ទទួលបានសេវាថែទាំសុខភាព។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៨៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៦៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៥%។
ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៥នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៧៥០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៨០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
ដោយ : សិលា