ខេត្តកណ្ដាល: ទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមកីឡាកររត់ប្រណាំងដែលទុកក្នុងរថយន្តត្រូវបានជនមិនស្គាល់មុខគាស់ទ្វាររថយន្តលួចយកអស់ ខណ:ដែលជនរងគ្រោះជាក្រុមកីឡាកំពុងរត់ប្រណាំង ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី នៅចំណុចក្នុងបរិវេណវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងអរិយក្សត្របានឱ្យដឹងថា ជនរងគ្រោះមិនទាន់បញ្ជាក់ឈ្មោះបាន(ជាក្រុមកីឡាកររត់ប្រណាំង)។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ(សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ) ។សម្ភារបាត់បង់មាន៖ ១.ទូរស័ព្ទម៉ាក IPhone ចំនួន០៨គ្រឿង, ២.ទូរស័ព្ទម៉ាក ViVo ចំនួនមួយគ្រឿង, ៣.ប្រាក់ដុល្លារចំនួន៤០០ដុល្លារអាមេរិក, ៤.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ៥.កាតចាក់វ៉ាក់សាំង ,៦.អត្តសញ្ញាណប័ណ្ណយោធាចំនួន០១ សន្លឹក ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥និង០០នាទី ដោយមានកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន (Paddy) ហេីយមានមនុស្សបានចូលរួមមកពីរាជធានីភ្នំពេញប្រមាណចំនួន ៧០០នាក់ នៅចំណុចភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ពេលមកដល់អ្នកដែលបានមកចូលរួមរត់ប្រណាំងបានយកមធ្យោបាយធ្វេីដំណេីរមានឡានម៉ូតូទុកចតនៅក្នុងបរិវេណសាលារៀនវត្តបន្ទាយ រួចហេីយបានដាក់សម្ភារមានដូចជា ទូរស័ព្ទ លុយ និងសម្ភារផ្សេងទៀត នៅក្នុងឡាន រួចបានបិទឡុកសោឡានហេីយដល់វេលាម៉ោង ០៦និង២០នាទី
ទេីបកីឡាករទាំងអស់បានចេញរត់ប្រណាំងតាមផ្លូវភូមិអរិយក្សត្រដល់វេលាម៉ោង ៧:០០នាទីព្រឹកទេីបកីឡាកររត់ប្រណាំងរត់ត្រឡប់ចូលដល់គោលដៅក្នុងបរិវេណសាលាវត្តបន្ទាយវិញ។បន្ទាប់ពីរត់មកដល់គោលដៅវិញកីឡាករបាននាំគ្នាដេីរទៅឡានដេីម្បីយកសម្ភារដែលទុកនៅក្នុងឡាន ពេលទៅដល់បានបេីកទ្វារឡាន ស្រាប់តែបាត់សម្ភារអស់រលីង។ បន្ទាប់មកម្ចាស់ឡានផ្សេងទៀតដែលបានចតនៅជិតក៏ត្រូវបានចោរលួចគាស់ទ្វារឡានយកទ្រព្យសម្បត្តិនៅក្នុងឡានដែរ។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញធ្វេីការស្រាវជ្រាវឆែកតាមកាមេរ៉ាសុវត្ថិភាពឡានរបស់កីឡាករដែលចតក្នុងបរិវេណសាលាបានបង្ហាញអោយឃេីញថាពិតជាមានករណីមានចោរធ្វេីសកម្មភាពគាស់ទ្វារឡានយកទ្រព្យសម្បត្តិរបស់កីឡាកររត់ប្រណាំងពិតមែន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវស្វែងរកមុខសញ្ញាដេីម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយស្អាងជ័យ