គ.ជ.ប ផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោតជិត ១០លានសន្លឹកចែកជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ គជប ចេញសេចក្តីប្រកាសព័ត៌មាន ការចាប់ផ្ដើមដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការនៅទូទាំងប្រទេស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន ផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩.៧១០.៦៥៥ សន្លឹក ស្មើនឹងចំនួនសរុបអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាអ្នកចាត់តាំងក្រុមចែកបណ្ណ ព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់សាមីនីមួយៗ ដែលមានរយៈពេល ១ ខែ គឺចាប់ពី ថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ហើយបណ្ណព័ត៌មានដែលនៅសល់ត្រូវរក្សាទុក និងចែកបន្តនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ផ្អែកតាមសេចក្តីសម្រេចលេខ ១២៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ គណបក្ស នយោបាយ និងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនមែនជាសមាជិកក្រុមចែកបណ្ណព័ត៌មាន អាចបញ្ជូនតំណាងរបស់ខ្លួនឱ្យតាមសង្កេតមើលដំណើរការនៃការចែកបណ្ណព័ត៌មានក្នុងឃុំ សង្កាត់ ពាក់ព័ន្ធបាន។

គោលបំណងនៃការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បី៖

ជួយដល់អ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការបានយល់ដឹងអំពី លេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំង ការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទ ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត ។

ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវទៅបោះឆ្នោត។

ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ក្នុងការស្វែងរកឈ្មោះសាមី អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់រហ័ស ដែលបង្កភាពងាយស្រួលដល់ កិច្ចប្រតិបត្តិការបោះឆ្នោតឱ្យកាន់តែមានភាពរលូន និងមិនឱ្យអ្នកបោះឆ្នោតរង់ចាំយូរ។

សូមបញ្ជាក់ជូនថា អ្នកបោះឆ្នោតអាចយកបណ្ណព័ត៌មាននេះមកជាមួយនៅថ្ងៃបោះឆ្នោត ដើម្បី ងាយស្រួលរកឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែទោះបីជាអ្នកបោះឆ្នោតមិនបានយកបណ្ណនេះមក ជាមួយ ឬពុំបានទទួលបណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២២ និងមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។

ដូចនេះ សូមប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាចូលរួម និងផ្តល់កិច្ចសហការ ដើម្បីឱ្យដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅរលូនល្អ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print