ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានផ្ដាំផ្ញើទៅឲ្យអ្នកដែលមានបំណងចង់ធ្វើបាតុកម្មតាមការញុះញង់របស់មេដឹកនាំគណបក្សភ្លើងទៀន ឲ្យស្ដាប់សារសំឡេងដែលសម្ដេចបានផ្ដាំផ្ញើកាលពីដើមខែនេះឡើងវិញ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានខ្សែកាបកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់សកម្មជនដែលគាំទ្រគណបក្សប្រឆាំងថាសូមកុំជឿតាមការញុះញង់របស់មេដឹកនាំណាមួយនៃគណបក្សនេះដើម្បីធ្វើបាតុកម្មឲ្យសោះ ពីព្រោះវាមិនបានផ្ដល់នូវផលចំណេញនោះទេមានតែការខាតបង់និងការចាប់ដាក់ពន្ធនាគារ។
សម្ដេចថា៖ «សូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្មអីសូមកុំរញ៉េរញ៉ៃ។ ខ្ញុំបានផ្ដល់សារហើយសាររបស់ខ្ញុំនៅតែមានតម្លៃ។ ចាប់យកទាំងអស់អ្នកណាក៏ដោយដែលមកបំផ្លាញនៅស្ថេរភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិចាប់យកទាំងអស់»។
សម្ដេចបានលើកឡើងថាសម្ដេចបានដឹងពីរឿងផ្ទៃក្នុងរបស់គណបក្សភ្លើងទៀនទាំងអស់ដែលមានមេដឹកនាំមួយចំនួនប៉ុណ្ណោះដែលចង់ធ្វើបាតុកម្ម។
កាលពីថ្ងៃទី១៣ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅពន្ធនាគារឱ្យត្រៀមស្វាគមន៍មេដឹកនាំបក្សភ្លើងទៀនក្រោយពីបក្សនេះបានប្រកាសពីបំណងប្រមូលលផ្ដុំមនុស្សតវ៉ាប្រឆាំងសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលបដិសេធមិនឱ្យចូលរួមបោះឆ្នោតខាងមុខ។ សម្ដេចបានអំពាវនាវដល់សមាជិកបក្សនេះកុំជឿតាមការញុះញង់របស់មេដឹកនាំបក្សនេះឱ្យសោះ ខណៈបានឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាពីផ្លូវច្បាប់ប្រឆាំងនឹងគណបក្សភ្លើងទៀនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា : អ្នកដែលចង់ធ្វើបាតុកម្ម គឺគុករង់ចាំជានិច្ច
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុករង់ចាំជានិច្ចចំពោះអ្នកទាំងឡាយណាដែលញុះញង់ធ្វើបាតុកម្ម និងចូលរួមធ្វើបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់ គជប និងក្រុមប្រឹក្សាធម្មនុញ្ញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមត្ថកិច្ចនិងអនុវត្តន៍ការចាប់ខ្លួនទាំងអស់ មិនថានៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិទេ ចំពោះអ្នកដែលបានបង្កអសន្តិសុខ នៅក្នុងសង្គម។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា ដើម្បីធានាដល់ការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជន៕
ដោយ : សិលា