ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ឲ្យដឹងថា បើពិនិត្យស្ថានភាពនៃការតភ្ជាប់ស្ពានតំបន់ឬស្សីកែវ ទៅត្រើយម្ខាងជ្រោយចង្វា ធ្វើឱ្យនឹកឃើញដល់អ្នករត់ទូកដរ និងអ្នកបើកសាឡាងទាំងឡាយ ត្រូវបានកាត់ផ្តាច់មុខរបររបស់ពួកគេ។ សម្តេចថា រដ្ឋមិនអាចតម្រូវចិត្តមនុស្សប៉ុន្មាននាក់ ហើយបំភ្លេចចោលប្រជាពលរដ្ឋរាប់លាននាក់ដែលត្រូវឆ្លងកាត់ស្ពាននោះបានទេ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការតភ្ជាប់មានស្ពានព្រែកក្តាម ស្ពានព្រែកព្នៅ ស្ពានឬស្សីកែវ និងស្ពានជ្រោយចង្វា មានទីពីរ ស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន។ ប៉ុន្តែនៅសល់ស្ពានមួយកន្លែងទៀត ដែលនឹងត្រូវតភ្ជាប់រវាងម្ខាងទន្លេរសាប ត្រូវតភ្ជាប់មកតំបន់ជ្រោយចង្វា និងតភ្ជាប់ទៅអរិយក្សត្រ នេះជាគម្រោងរបស់សាធារណៈរដ្ឋកូរ៉េ ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំស្នើសុំជំនួយម្តងហើយម្តងទៀត រហូតដល់ឆ្លងកាត់ប្រធានាធិបតីកូរ៉េដល់ទៅពីររូប ទើបបានគម្រោងនេះចេញសម្រេចបាន ដែលនឹងបើកការដ្ឋានសាងសង់។
ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ឥឡូវនេះ តំបន់ទីក្រុងភ្នំពេញ គឺត្រូវការស្ពានចំនួន ៣ បន្ថែមទៀត ហើយស្ពានចំនួន ២ អាចនឹងចេញរូបរាងរយៈពេលឆាប់ៗនេះ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានសម្រាប់ផ្លូវល្បឿនលឿន ទើបត្រូវទិញយកស្ពានព្រែកព្នៅពីឯកជន មករដ្ឋគ្រប់គ្រង ដូចនេះប្រជាជនត្រូវឆ្លងកាត់ប៉ុន្មានដងក៏បាន ដោយមិនបាច់បង់លុយនោះទេ។ រីឯស្ពានឆ្លងទន្លេ គឺរដ្ឋជាអ្នកចេញលុយចំណាយតែម្តង ហើយនៅមានស្ពានមួយទៀតគ្រោងនឹងកសាងដែរ គឺស្ពានចាក់អង្រែ។
សម្តេចថ្លែងថា៖ «សម្រាប់តំបន់របស់យើងទីក្រុងភ្នំពេញនេះ គឺត្រូវការស្ពាន៣ បន្ថែមទៀត ហើយស្ពាន២នឹងចេញជារូបរាងក្នុងរយៈពេលឆាប់ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានល្បឿនលឿន (ពីភ្នំពេញទៅបាវិត) នៅផ្នែកខាងក្រោម»។
ចំណែកស្ពានទី៣ គឺស្ពាននៅម្តុំចាក់អង្រែឆ្លងទៅព្រែកប្រា ដោយសម្តេចបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គ្រោងយកស្ពានដែកឫស្សីកែវ ទៅដាក់នៅម្តុំចាក់អង្រែដើម្បីឆ្លងកាត់ទៅព្រែកប្រាជាបណ្តោះអាសន្នសិន។
សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលចំណាយថវិកាសាងសង់ស្ពានសម្រាប់ពលរដ្ឋឆ្លងដោយមិនយកថ្លៃថវិកាឡើយ។ សម្តេចថ្លែងថា៖ «មិនចង់ឲ្យប្រជាពលនៅពេលឆ្លងស្ពានពេលណាក៏ត្រូវបង់លុយទេពេលនោះទេដូច្នេះហើយបានជាកន្លងទៅយើងបានទិញស្ពានព្រែកព្នៅត្រឡប់មកវិញ ប្រជាជនចងឆ្លងប៉ុន្មានជើងឆ្លងទៅ»៕
ដោយ : សិលា