ខេត្តពោធិ៍សាត់៖ បុរសម្នាក់ស្លាប់នៅកន្លែងកើត ខណៈដែលបុរសម្នាក់ទៀតស្លាប់ពេលមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាព បន្សល់ទុកតែម៉ូតូ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបើកបរក្នុងទិសដៅច្រាសគ្នា នៅលេីកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតនៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ទោ ប្រាក់ យូស័រ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងនៅថ្ងៃសៅរ៍ទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកវេ៉វអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1L-3257 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកេីត បើកបរដោយឈ្មោះ ឆឹង នួន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដេីមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន (ស្លាប់នៅកន្លែងកេីតហេតុ) ពេលមកដល់ចំណុចកេីតហេតុខាងលេីបានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកឃ្លីក
ពណ៌សលាយខៀវ ពាក់ស្លាកលេខបាត់ដំបង 1N-5379 ដែលបេីកបរពីកេីតទៅលិច ដោយពុំស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ត្រូវបានមិត្តភក្តិដឹកទៅមណ្ឌលសុខភាពដេីម្បីជួយសង្គ្រោះ។
លោកអធិការរងបានបន្តថា ក្រោយសមត្ថកិច្ចធ្វើការស៊ើបសួរគ្រូពេទ្យអំពីបុរសរងគ្រោះ លោកគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះដែលមានមិត្តភក្តិជូនមកមណ្ឌលសុខភាពបានស្លាប់ពេលបញ្ជូនមកដល់មណ្ឌលសុខភាព។ ក្រោយឮដូចនេះមិត្តភក្តិរបស់ជនរងគ្រោះបានលើកសាកសពដាក់ម៉ូតូដឹកទៅទិសខាងលិចបាត់ទៅ ដោយពុំបានកត់ត្រាអំពីអត្តសញ្ញាណទាន់នោះទេ ។
សូមជម្រាបថា ចំពោះសពឈ្មោះ ឆឹង នួន សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំង០២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារជាបណ្តោះអាសន្ន៕ដោយ៖សហការី