ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងសួរសុខទុក្ខដល់កម្មករកម្មការិនីទាំងអស់ទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេសកម្មការិនីមានផ្ទៃពោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភបន្ថែម ពីម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។
សម្ដេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលបន្តពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់ផងដែរលើវិស័យការងាររបស់កម្មករកម្មការិនីទាំងអស់។
សម្តេចតេជោ ថ្លែងថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីបានត្រឹមត្រូវ និងច្បាស់លាស់ រាជរដ្ឋាភិបាលបានបង្កើយយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។
សម្តេចតេជោ ថ្លែងប្រាប់ដល់កម្មករកម្មការិនី ត្រូវហានចង្អុលមុខចំពោះក្រុមប្រឆាំងទាំងឡាយណា ដែលទៅអុចអាលបរទេសមិនឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមប្រឆាំងទាំងនោះហើយគឺជាសត្រូវរបស់កម្មករកម្មការិនី។
សម្តេចតេជោ ណែនាំឱ្យមានចងការ ចងក្រង ជាកាតព្វកិច្ចតែម្ដង សម្រាប់ការមើលសុខទុក្ខរបស់កម្មករកម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះ ខណៈវិស័យនេះមានរហូតទៅដល់ ៦០ ភាគរយនៅក្នុងប្រទេសកម្ពុជា ដូច្នេះគោលនយោបាយនេះត្រូវបន្តពង្រីកឥតឈប់ឈរ។
សម្តេចតេជោ ថ្លែងថា កាលពីខែកុម្ភៈ ឆ្នាំ១៩៩៩ វេទិការវាងវិស័យឯកជន និងរាជរដ្ឋាភិបាលបានធ្វើជាលើកដំបូង។ ពេលនោះសម្ដេចតេជោ បានដាក់ឱ្យអនុវត្តគោលនយោបាយលើការអភិវឌ្ឍវិស័យរោងចក្រទៅតាមបណ្ដាខេត្ត ដែលចំណុចនេះហើយបានបង្ហាញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រឹមត្រូវ ច្បាស់លាស់ដល់ប្រជាជន ។
សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលបន្តថែមទៀត លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ប្រកាសដល់គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិកាត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ។ ការផ្ដល់ជូនបន្ថែមនេះក្រោយសម្ដេចតេជោ ទទួលដំណឹងពីការស្នើសុំរបស់ស្រ្ដីមានពិការភាពម្នាក់ នៅខេត្តកំពង់ស្ពឺ។
សម្តេចតេជោ ថ្លែងថា បទចម្រៀងដែលសម្ដេចតេជោតែងនិពន្ធទាំងអស់ នរណាក៏ដោយដែលបានច្រៀងពីដើម គឺមិនមែនជាម្ចាស់កម្មសិទ្ធិនៃចម្រៀងនោះទេ ខណៈសម្ដេចតេជោបានតែងបទចម្រៀងជាច្រើនបទក្នុងនោះដូចជា៖ បទចម្រៀងទុក្ខស្រីប្ដីព្រាត់ជាដើម អ្នកចម្រៀងទាំងអស់អាចច្រៀងបានគ្រប់គ្នា។
សម្តេចតេជោ ថ្លែងថា តាមរយៈការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជាថ្មីអាចនឹងចាប់កំណើតនៅបំណាច់ខែសីហា ឆ្នាំ២០២៣ ក្រោយការប្រកាសលទ្ធផលបោះឆ្នោត ហើយព្រះមហាក្សត្រកោះប្រជុំសភា ពេលនោះរាជរដ្ឋាភិបាលថ្មីគឺត្រូវបានបង្កើតអាណត្តិរាជរដ្ឋាភិបាលខ្លួន។
ជាមួយគ្នានេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។ រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន។ល។
សូមជម្រាបថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករនិយោជិតជាង ៥ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន២០ មានកម្មករនិយោជិតសរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕ដោយ៖សហការី