ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃញី ឃាត់ខ្លួនបុរសម្នាក់រួមទាំងអាវុធ AK ១ដើមបញ្ជូនទៅ
សមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លាស់ ហៅក្រញ៉ាញ់ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នរស់នៅកន្លែងចាប់ខ្លួន។ ជនសង្ស័យត្រូវឃាត់ខ្លួនមានសតិមិនល្អឆ្លើយទៅមុខទៅក្រោយមិនទាន់យកសាច់ការបាននៅឡើយទេ។
សមត្ថកិច្ចបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់អាវុធ AK ស្វាយបត់ ១ដើម ដែលមានលេខ 2354 ផលិតនៅប្រទេសចិន និងបង់១ គុណភាព១០០% ហើយការឃាត់ខ្លួនជនសង្ស័យរួមទាំងអាវុធធុន AK ខាងលើនេះ បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់របស់សមត្ថកិច្ច ខណៈជនសង្ស័យបានលាក់ទុកដោយខុសច្បាប់ជាយូរមកហើយ ប៉ុន្ដែសមត្ថកិច្ចតាមប្រផាប់ប្រភីងនៅពេលជនសង្ស័យបង្វែរ និងផ្លាស់ប្ដូរទិសដៅ ធ្វើឲ្យសមត្ថកិច្ចពិបាកនឹងតាមដាន ហើយទទួលបានព័ត៌មានយ៉ាងច្បាស់ថា ការលាក់ទុកអាវុធខាងលើនេះ មានគ្រាប់ចំនួន ៦គ្រាប់ ប៉ុន្ដែយើងដកហូតបានតែអាវុធ និងបង់ទទេរគ្មានគ្រាប់នោះឡើយ ករណីនេះសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងស្រាវជ្រាវរកគ្រាប់បន្ត ។
សមត្ថកិច្ចទៀតថា តាមចម្លើយរបស់ជនសង្ស័យនិយាយមិនច្បាស់លាស់ ម្ដងទៅលិចម្ដងទៅកើតថា៖ កាំភ្លើងនេះគេរើសបានមកពីព្រៃ ខណៈបររទេះទៅធ្វើចំការ ចម្លើយមិនបានការខាងលើនេះ ធ្វើឱ្យសមត្ថកិច្ចវិលក្បុងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់នៅឡើយ ៕
ដោយ៖ ប៉ឹម ពិន