ខេត្តមណ្ឌលគិរី ៖ របាយការណ៍របស់ក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៣នេះកម្ពុជាចម្រាញ់រ៉ែមាសបានទម្ងន់ ៦.៧២៧ គីឡូក្រាម និងរកចំណូលពីសួយសារ បានជាង១០លានដុល្លារ។
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «បន្ទាប់ពីបានសម្ពោធដាក់ឲ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាស ដែលមានគុណភាព៩០% បានសរុប៦,៧២៧.៧០ គីឡូក្រាម។ ក្រុម ហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន១០,២២៨, ២៣៩ដុល្លារ» ដែលការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ការចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវស្រុកកែវសីមា នៃខេត្ត មណ្ឌលគិរី ដោយទទួលបានចំណូលសួយសារពីក្រុម ហ៊ុន Renaissance Minerals បានជាង ១០លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ ។ សេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពលបង្ហាញថា គិតមកទល់សព្វថ្ងៃ រោងចក្រចម្រាញ់«រ៉ែមាស»នេះ ដំណើរការបានរយៈពេល២ឆ្នាំហើយដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។
បច្ចុប្បន្ន ក្រុមហ៊ុនចម្រាញ់មាសមានគុណភាព ៩០ ភាគរយបានចំនួន ៦,៧២៧ គីឡូក្រាម។ ក្រុមហ៊ុនបង់សួយសារជូនរដ្ឋ បានជាង១០.២លានដុល្លារ ។ ក្រសួង រ៉ែ និងថាមពល លើកឡើងថា ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដែលក្រុមហ៊ុន Renaissance Minerals សម្រេចបាននេះ បានរួមចំណែកដល់ការ បង្កើតប្រភពចំណូលថវិកាជាតិ ហើយកំពុងបង្កើតបាននូវសមត្ថភាពជាតិ និងគំរូថ្មី សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សមិទ្ធផលនៃដំណើរការចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និង ការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គម តាមស្តង់ដារអន្តរជាតិ។ លើសពីនេះ ដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាស អនុញ្ញាតឲ្យកម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មាន តម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើន។
គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់) ៕ដោយ៖សុរិយា