ខេត្តពោធិ៍សាត់ ៖ ជនទំនើងអុកឡុកតាមទីសាធារណៈមួយក្រុមមានគ្នាប្រមាណ០៦នាក់ មធ្យោបាយម៉ូតូចំនួន០៣គ្រឿង បានកាប់លើជនរងគ្រោះមានគ្នា២នាក់បណ្ដាលឱ្យរងរបួសនិងរងការខូចខាតម៉ូតូផងដែរ ប៉ុន្តែសមត្ថកិច្ចនគរបាលតាមប្រមាញ់ជនសង្ស័យបង្កហេតុបាន២នាក់ភ្លាមៗប៉ុណ្ណោះ ។
ហេតុការណ៍បង្រ្កាបក្មេងទំនើងនេះ ធ្វើឡើងនៅពាក់កណ្ដាលអធ្រាត្រឈានចូលអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវក្រាលកៅស៊ូលេខ១០១ ត្រង់ចំណុចសួនច្បារ១៤មករា ស្ថិតនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យបង្កហេតុត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ថន សុខចំរើន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ ជុំ រ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីជាប់កិច្ចសន្យាមន្ទីរកសិកម្ម
រុក្ខាប្រមាញ់និងនេសាទ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។ វត្ថុតាងដែលរឹបអូសបានមានកាំបិតផ្គាក់១ដើម និងមធ្យោបាយម៉ូតូ១គ្រឿង ទូរស័ព្ទ២គ្រឿង ។ ចំណែកជនរងរបួសឈ្មោះ ផន ផារិន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(របួសដៃឆ្វេង) រីឯម្នាក់ទៀតមិនរងរបួសទេ និងខូចខាតម៉ូតូផងដែរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្ខពួក០៦នាក់នេះ ខណៈដែលទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងៗដេញកាប់គ្នាទើបកម្លាំងចេញបង្រ្កាបបាន២នាក់ខាងលើនេះ។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ ដោយៈ ប៉ឹម ពិន