ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃចន្ទទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តាមការដកស្រង់ចេញពីសៀវភៅ មគ្គទេសក៍ស្តីពីបន្លែនៅកម្ពុជា ច្រេស – Siris ៖ មានឈ្មោះវិទ្យាសាស្ត្រ Albizia lebbeck (L.) Benth ជារុក្ខជាតិដុះដោយឯកឯង និងត្រូវបានគេដាំនៅតាមភូមិធ្វើជាម្លប់ និងយកស្លឹកធ្វើជាបន្លែ។ វាមានប្រភពដើមមកពីប្រទេសឥណ្ឌា និងប្រទេសជិតខាង។
ក្រសួងបរិស្ថាន បន្ដថា លក្ខណៈរូបសាស្ត្រ៖ ដើមមានកម្ពស់១៨-២៥ម។ សម្បកដើមប្រេះ គគ្រើមផ្នែកខាងគល់ មានពណ៌ត្នោត ផ្នែកខាងលើពណ៌ប្រផេះ។ ស្លឹករួមស្និត២ដង (bipennate) ស្លឹកនីមួយៗមានកូន ស្លឹក (leaflet) ៣ឬ៦គូ តម្រៀបឈមគ្នា (opposite) កូនស្លឹករាងពងក្រពើ។ កញ្ចុំផ្កា ជាកូរាំ (corymb) ដែលមានផ្កាតម្រៀបស្មើកម្ពស់គ្នា តែមិនស្មើប្រវែងគ្នាទេ ចេញ នៅគល់ស្លឹកចុងមែក។ ផ្កាមានត្របក ៥ជាប់គ្នាជាបំពង់ តែដាច់គ្នានៅចុងបំពង់។ កេសរឈ្មោលច្រើន ហើយមានទងជាប់គ្នានៅផ្នែកក្រោម។ កេសរញីតែ១ គ្មានទង។ ផ្លែជាគ្ហូស្ស (pod) មានប្រវែង២០-៣០ស.ម បែកតាមចំហៀងសងខាង។ គ្រាប់
សំប៉ែត។
លក្ខណៈជីវសាស្ត្រ៖ បន្តពូជដោយគ្រាប់ ចេញផ្កានៅខែធ្នូ។
លក្ខណៈអេកូឡូស៊ី៖ នៅប្រទេសខ្លះ ដំបូងគេដាំដើមនេះក្នុងចម្ការកាហ្វេ ដើម្បីឱ្យមានម្លប់ តែយូរៗទៅ ដើមនេះដុះកាន់តែច្រើននៅគ្រប់កន្លែង ហើយក្លាយទៅជារុក្ខជាតិរាតត្បាត។
ការប្រើប្រាស់៖
ជាបន្លែ៖ ស្លឹកធ្វើជាបន្លែសម្រាប់បង់ក្នុងសម្លកកូរ។
ជាឱសថ៖ ផ្កាច្រេសអាចព្យាបាលជំងឺបូស ឬដំបៅផ្សេងៗ។ ស្លឹកព្យាបាលក្អក។ សម្បកឈើអាចព្យាបាលរាកមួល៕ ដោយ៖សហការី