ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសំពៅលូន បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូពលរដ្ឋនៅច្រកព្រំដែនកម្ពុជាថៃម្នាក់ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា មានករណីលួច (ម៉ូតូ) មួយកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនាម្សិលមិញ នៅចំណុចក្នុងផ្សារថៃ ស្ថិតក្នុងភូមិខៅឌីន ឃុំខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ច្រកព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅក្រុមទី០៨ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្តឹងរាយការណ៍ជូនសមត្ថកិច្ចឲ្យដឹងថា រូបគាត់បានបាត់ម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA ZOOMER-X 110 cc ពណ៌ស-ទឹកក្រូច សេរីឆ្នាំ២០១៧ គ្មានស្លាកលេខ។
តាមអាជីវករលក់ដូរនៅក្នុងផ្សារថៃបានប្រាប់គាត់ថាជនឈ្មោះ ថា ធូធា ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកលួចយកម៉ូតូរបស់គាត់អូសឆ្លងអូរព្រំដែនកម្ពុជា-ថៃចូលមកស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងកំណត់អត្តសញ្ញាណជនសង្ស័យ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថា ធូធា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ជូនមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន។ សម្ភារៈដកហូតបានគឹ ម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA ZOOMER-X 110 CC ពណ៌ស-ទឹកក្រូច សេរីឆ្នាំ២០២៧ គ្មានស្លាកលេខ (ម៉ូតូជនរងគ្រោះ។ តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ថា ធូធា បានឆ្លើយសារភាពថា ម៉ូតូខាងលើរូបគេពិតជាបានធ្វើសកម្មភាពលួចពីក្នុងផ្សារថៃអូសឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលមកស្រុកសំពៅលូន ខេត្តបាត់ដំបង ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង័្សយខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕ដោយ៖សហការី