ខេត្តកណ្តាល៖ មន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៥ចំនួន១៣២រូប ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំទីបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៥ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សែ សារឿន ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស, លោកឧត្តមសេនីយ៍ត្រី តំ វៃ ស្នងការរង, នាយ-នាយរងការរិយាល័យបុគ្គលិកខេត្ត, លោកមេបញ្ជាការ-មេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥, នាយ-នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន និងមន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៥ ជាច្រើនរូបទៀត ។
លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិកខេត្តបានឲ្យដឹងថា មន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៥ ដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នៅពេលនេះមានចំនួន១៣២រូប ក្នុងនោះប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន០៥រូប និងបំពាក់ឋានន្តរសក្តិចំនួន១២៨រូប ។ ថ្នាក់អនុសេនីយ៍ឯក០២រូប, អនុសេនីយ៍ទោ១០រូប, អនុសេនីយ៍ត្រី៤៤រូប, ព្រិន្ទបាលឯក៦៧រូប និងព្រិន្ទបាលទោ០៤រូបផងដែរ ។
ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថា ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនៅថ្ងៃនេះ គឺជាផ្លែផ្កាដែលបានកើតចេញពីស្នាដៃពិតប្រាកដ ក្នុងការសម្រេចភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋដែលថ្នាក់លើប្រគល់ឲ្យ ។ ដូច្នេះមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើឡើងថែមទៀត ដើម្បីអនុវត្តការងារ ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានជម្រុញឲ្យមន្ត្រីនគរបាលទាំងអស់ខិតខំផ្លាស់ប្តូរវេនចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការនិងបង្រ្កាបបទល្មើសទាន់ពេលវេលា។ ក្រៅពីការងារជំនាញមន្ត្រីនគរបាលទាំងអស់ត្រូវខិតខំរៀនសូត្រប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើរនាពេលបច្ចុប្បន្នដូចជា បណ្តាញសង្គមFacebook, WhatApp, Line, Viber និងTelegram ។ ប្រព័ន្ធបច្ចេកវិទ្យាទាំងនេះវាជួយដល់កងកម្លាំងងាយស្រួលក្នុងការ ផ្ញើរបាយការណ៍, រូបភាព, វីដេអូសកម្មភាពផ្សេងៗ ដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូនថ្នាក់លើបានជ្រាបទាន់ពេលវេលា ។
ជាចុងបញ្ចប់លោកវរសេនីយ៍ឯក លុយ ធៀម មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥បានឡើងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ដែលឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥នៅថ្ងៃនេះ ។
ដោយ៖ ស្អាងជ័យ