ទីភ្នាក់ងារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានផ្សព្វផ្សាយថា រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានអញ្ជើញទៅដល់ទីក្រុងតេអេរ៉ង់ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ដែលដំណើរទស្សនកិច្ចនេះ លោកមានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោកហាស្សាន រ៉ូហានី រួមជាមួយបណ្តារដ្ឋមន្ត្រីដទៃផ្សេងទៀតផងដែរ ។
នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្របារាំងរយៈពេល១២ឆ្នាំដែលមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសបែបនេះទៅកាន់ប្រទេសអ៊ីរ៉ង់។ ដំណើរទស្សនកិច្ចនេះផងដែរ បានសម្រេចធ្វើឡើងបន្ទាប់ពីសម្រេចផ្លែផ្កាគួរឲ្យកត់សម្គាល់នៅក្នុងការរកដំណោះស្រាយស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងមហាអំណាចលោកខាងលិច ដោយលោកខាងលិចបានយល់ព្រមបន្ថូរបន្ថយការដាក់ទណ្ឌកម្មអីរ៉ង់ ចំណែកអ៊ីរ៉ង់វិញក៏បានបន្ធូរបន្ថយមហិច្ឆតាអាវុធបរមាណូរបស់ខ្លួនផងដែរនោះ ។
រដ្ឋមន្ត្រីការបរទេសបារាំងមានការខ្នះខ្នែងច្រើនជាងគេក្នុងចំណោមមហាអំណាចដទៃផ្សេងទៀតដើម្បីឈានដល់កិច្ចព្រមព្រៀងវិជ្ជមានជាមួយភាគីអ៊ីរ៉ង់នេះ។ ទីភ្នាក់ងារអ៊ីរ៉ង់ IRNA បានស្រង់ប្រសាសន៍រដ្ឋមន្ត្រីការបរទេសបារាំងផ្សព្វផ្សាយថា នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ខាងមុខ ប្រតិភូជាន់ខ្ពស់បារាំងស្តីអំពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចនឹងធ្វើដំណើរមកកាន់ប្រទេសអ៊ីរ៉ង់ ។
លោក Fabius បានថ្លែងកាលពីពេលថ្មីៗនេះថា បារាំងមានក្តីសង្ឃឹម និងជាជឿជាក់ថា ខ្លួននឹងមានកិច្ចព្រមព្រឿងពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ នៅពេលប្រទេសនេះរួចផុតពីការដាក់ទណ្ឌកម្មនោះ។ ដោយសារតែអ៊ីរ៉ង់មានជាប់នូវការដាក់ទណ្ឌកម្មរបស់លោកខាងលិចនោះ បារាំងមិនអាចធ្វើកិច្ចព្រៀងពាណិជ្ជកម្មជាមួយទីក្រុងតេអេរ៉ង់បានឡើយ ។
ក្រៅពីជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់រួចហើយ រដ្ឋមន្ត្រីការបរទេសបារាំងក៏បានជួបជាមួយសមភាគីរបស់ខ្លួន គឺលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif, ជួបជាមួយ លោក Mohammad Reza Nematzadeh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ង់ និង លោក Masoumeh Ebtekar ប្រធានទីភ្នាក់ងារការពារបរិស្ថានអ៊ីរ៉ង់ផងដែរ ។ នេះបើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន IRNA ។
រដ្ឋមន្ត្រីការបរទេសបារាំងរំពឹងថា អំឡុងទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ លោកមានគម្រោងពិភាក្សាគ្រប់ប្រធានបទទាំងអស់ ៕